ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ នៅថ្ងៃទី ២៥ ខែសីហានេះ

    BY soknita August 25, 2025
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ នៅថ្ងៃទី ២៥ ខែសីហានេះ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តែងនូវការស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃទី ២៥ ខែសីហា ២០២៥។

    គួរជម្រាបជូនថា ក្រសួងការពារជាតិ នាថ្ងៃនេះ បានបង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

    គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជា សហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។
    កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង ១០៖៣០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖២០នាទីព្រឹក ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥។

    នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ រវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។
    ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាង ជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: