ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ គ្រោងរៀបចំឱ្យមានគន្លងអប់រំថ្មី ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩

    BY soknita August 26, 2025
    ក្រសួងអប់រំ គ្រោងរៀបចំឱ្យមានគន្លងអប់រំថ្មី ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប័ត៌មាន ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តសាកល្បងគន្លងអប់រំថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រី និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទនៃក្រសួងទាំងពីរ តំណាងក្រសួងប្រៃសណីយ៍ សាកលវិទ្យាល័យអេស៊ីលីដា នាយកវិទ្យាល័យពាក់ព័ន្ធ អាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ។

    ការរៀបចំឱ្យមានគន្លងអប់រំថ្មី បានធ្វើឡើង ដើម្បីតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចង់បង្កលក្ខណៈកាន់តែច្រើនដើម្បីឱ្យសិស្សចូលរៀនបន្ថែមទៀតនៅកម្រិតមមធ្យមសិក្សា ទាំងបឋមភូមិ និងទុតិយភូមិ និងមានគោលដៅបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធអប់រំបច្ចុប្បន្នឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅកាត់បន្ថយអត្រាបោះបង់ការសិក្សា ជាពិសេសនឹងជួយសម្រាលស្ថានភាពយុវជន ឬកុមារនៃគ្រួសារពលករកម្ពុជាដែលវិលត្រឡប់ពីប្រទេសថៃ មានការលំបាកក្នុងការចាប់យកការសិក្សាចំណេះទូទៅ អាចចាប់ផ្តើមចូលរៀនកម្មវិធីស្ពានចម្លងស្របតាមវ័យរបស់ពួកគេ ដើម្បីទទួលចំណេះជំនាញច្បាស់លាស់សម្រាប់កសាងអនាគត។

    ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។ ក្រសួងនឹងសាកល្បងអនុវត្តគន្លងអប់រំថ្មីរួមមាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យគោលដៅមួយចំនួន ក្នុងនោះរួមាន វិទ្យាល័យដែលមានអគារធនធាន, វិទ្យាល័យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍, គ្រឹះស្ថានសិក្សាអប់រំបច្ចេកទេស , វិទ្យាល័យស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ដែលមានដំណើរការសេដ្ឋកិច្ច។ ការអនុវត្តគន្លងសិក្សាថ្មី នៅវិទ្យាល័យទេពប្រណម្យ គឺបានជួយឱ្យសិស្សមានលទ្ធភាពទទួលបានការអប់រំមួយដែលមានជំនាញច្បាស់លាស់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សដែលសាលារៀនស្ថិតនៅកម្រិតខ្ពស់ និងមានភាពទាក់ទាញឱ្យមានការចូលរួមកាន់តែខ្លាំងឡើងពីសហគមន៍សាលារៀន។

    តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ភាគីពាក់ព័ន្ធទាំងអស់ដែលជំរុញឱ្យការអនុវត្តគន្លងអប់រំថ្មីមានវឌ្ឍនភាពឈានដល់ការអនុវត្តសាកល្បងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ជាពិសេសសូមកោតសរសើរ ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ វិទ្យាល័យទេពប្រណម្យ ក៏ដូចជាសាលារៀនគោលដៅទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមអនុវត្តគន្លងអប់រំថ្មីឱ្យទទួលបានជោគជ័យ ដោយសូមឱ្យបន្តរក្សាស្មារតីសហការគ្នាឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅសម្រេចគោលដៅរួមគ្នាជាច្រើនបន្ថែមទៀត ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យកាន់តែរឹងមាំ។

    ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍គន្លឹះ ៨ចំណុច រួមមាន៖

    ១. វិទ្យាល័យទេពប្រណម្យ ស្ថិតក្នុងតំបន់ដែលមានទីធ្លាធំទូលាយ ហ៊ុមព័ទ្ធដោយប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច អំណោយផលដល់ការអនុវត្តគន្លងអប់រំថ្មី។

    ២. យកឱកាសនេះពង្រឹងការប្រឡងមធ្យមសិក្សាបឋមភូមិ ដោយក្រសួងនឹងរៀបចំជាស្តង់ដារួមថ្នាក់ជាតិ និងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ក្នុងការបែងចែក សិស្សវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

    ៣. កែប្រែទស្សនទានពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដែលនេះមិនមែនសម្រាប់តែសិស្សរៀនខ្សោយទេ សិស្សដែលខ្លាំងក៏អាចចូលរៀនបានដែរ សូមឱ្យបញ្ចូលកម្មវិធីរៀនថ្មីៗ ទំនើបៗ ដូចជាជំនាញឌីជីថល Coding AI ឌីហ្សាញ ជាដើម ដើម្បីឆ្លើយតបនឹងទីផ្សារការងារ ដោយសូមស្នើឱ្យនាយកដ្ឋានពាក់ព័ន្ធចូលរួមគាំទ្រ ជាពិសេសការចូលរួមសហការពីសំណាក់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

    ៤. សូមផ្សារភ្ជាប់កម្មវិធីរៀននេះ ទៅនឹងឧត្តមសិក្សា ដោយអញ្ជើញគ្រូ ឬ សាស្ត្រាចារ្យនៅឧត្តមសិក្សាមកជួយបង្រៀន និងអាចផ្តល់ឱកាសដល់សិស្សដែលរៀនពូកែមានឱកាសបន្តទៅរៀននៅសាកលវិទ្យាល័យ។

    ៥. សូមបញ្ចូលយុទ្ធសាស្ត្របង្រៀននៅសាលាជំនាន់ថ្មី។

    ៦. សូមសហការជាមួយគម្រោងកែលម្អកម្មវិធីអប់រំនានា ដោយត្រូវប្រើប្រាស់ធនធានឱ្យអស់ពីលទ្ធភាព និងមានប្រសិទ្ធភាព

    ៧. ស្វែងរកការគាំទ្របន្ថែម និងបង្កើតភាពជាដៃគូជាមួយដៃគូអភិវឌ្ឍនានា

    ៨. ស្នើឱ្យក្រុមការងារគោលនយោបាយ ក្នុងកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បន្តសិក្សាបន្ថែមពីទីផ្សារការងារ និងជំនាញដែលមានតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: