រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ អំពាវនាវឱ្យបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តរបស់កងកម្លាំង និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះសារមួយនៅលើទំព័រផេកផ្លូវការ ពាក់ព័ន្ធការប៉ះទង្គិចគ្នា រវាងប្រជាពលរដ្ឋខ្មែរ និងយោធាថៃ តៅនឹងរឿងបន្លាលួស នៅវេលាម៉ោង ២:២០នាទីរសៀល នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ ម្សិលមិញនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អំពាវនាវឱ្យបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តរបស់កងកម្លាំង និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល តាមរយៈការបង្ហោះសារមួយជូនសាធារជនក្នុងការពិចារណា៖
១. អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។
ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម៖ «ក្រសួងការពារជាតិបានផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន…… តែប្រជាជនបង្ហោះថាកំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន……. សាធារណជនមិនដឹងត្រូវជឿខាងណាអាចពិនិត្យ និងពិចារណា៖
– ក្រសួងការពារជាតិ ផ្សាយពីសភាពការណ៍ ពីម៉ោង១២:០០យប់ ដល់ម៉ោង៦នាទីព្រឹក មានស្ថានភាពស្ងប់ស្ងាត់
– ជាក់ស្តែងការប៉ះទង្គិច រវាងប្រជាជន និងយោធាថៃ ពាក់ព័ន្ធនឹងរឿងបន្លាលួស នៅវេលាម៉ោង ២:២០នាទីរសៀល ជាមួយគ្នានោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ឈរជើងចូលរួមដោះស្រាយ។ ថ្ងៃដដែលគ្នានោះ ផេកក្រសួងការពារជាតិ ក៏បានចេញផ្សាយភ្លាមចំនួចពីរដង។
២. បើសិនថតរូបភាព និងវិឌីអូកន្លែងកើតហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារបងប្អូនប្រជាជនដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន។
ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ទៀតថា៖ ‹‹ជូនបងប្អូនជនរួមជាតិឳ្យបានជ្រាបថា៖ តាំងពីថ្ងៃទី២៨កក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើងបានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តបទឈប់បាញ់ ជៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឳ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង។ តើបងប្អូនមានបានកត់សម្គាល់ដែរឬទេ? ថាកងកម្លាំងយើងមិនប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ គឺយើងប្តេជ្ញាចិត្តអនុវត្តបទឈប់បាញ់ឳ្យមានប្រសិទ្ធិភាព។ សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។ យើងនៅសល់កិច្ចប្រជុំវិសាមញ្ញ RBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២(ថៃ) នៅថ្ងៃទី២៧ ខែសីហានេះ និងកិច្ចប្រជុំ GBC នៅរាជធានីភ្នំពេញ នៅថ្ងៃទី ៩-១០ ខែកញ្ញាខាងមុខនេះទៀត››។
សូមបញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត៕




ប្រភព៖ TEA Seiha/ទៀ សីហា