ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា បញ្ជូនការតវ៉ាជាផ្លូវការ ទៅកាន់ថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅតំបន់ពលរដ្ឋកម្ពុជារស់នៅ

    BY soknita August 27, 2025
    កម្ពុជា បញ្ជូនការតវ៉ាជាផ្លូវការ ទៅកាន់ថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅតំបន់ពលរដ្ឋកម្ពុជារស់នៅ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលបញ្ជូនការតវ៉ាជាផ្លូវការទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ។

    ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងក្នុងសន្នីសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យរាជរដ្ឋាភិបាលថៃ និងយោធាថៃ រក្សានូវស្ថានភាពមិនផ្លាស់ប្តូរ ដូចដែលមាននៅពេលបទឈប់បាញ់បានចូលជាធរមានចាប់ពីម៉ោង ២៤:០០ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ចាត់វិធានការសមស្របដើម្បីទប់ស្កាត់កុំឱ្យមានការរំលោភបំពានស្រដៀងគ្នានេះ បន្ថែមទៀត ដោះស្រាយទំនាស់ព្រំដែនខាងលើតាមរយៈយន្តការ GBC និង JBC ព្រមទាំងគោរពយ៉ាងពេញលេញ និងដោយគ្មានលក្ខខណ្ឌចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិទាំងអស់ ដែលរួមមានអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី៧ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនភូមិភាគ រវាងកម្ពុជា និងថៃ។

    ជាមួយគ្នានោះដែរក្រសួងការបរទេស រំលឹកឡើងវិញនូវការប្តេជ្ញាចិត្តឥតប្រែប្រួល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយស្មារតីមិត្តភាព ចំពោះជម្លោះ ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយបន្តរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ តាមរយៈការប្រើកម្លាំងនោះទេ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: