កម្ពុជាទទួលរងឥទ្ធិពលពី ព្យុះទី១៣ ឈ្មោះ ‹‹កាជិគី›› ដែលអាចនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះតាមតំបន់មួយចំនួន
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជាទទួលរងឥទ្ធិពលពី ព្យុះទី១៣ ឈ្មោះ ‹‹កាជិគី›› ដែលអាចនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះតាមតំបន់មួយចំនួន។

តាមរយៈការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ព្យុះទី១៣ឈ្មោះ កាជិគី (Kajiki) T2513 ក្នុងឆ្នាំ ២០២៥ បានវិវត្តទៅជាព្យុះសង្ឃរាដែល មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះសង្ឃរា កាជីគី នេះ ពុំមាន ឥទ្ធិពលខ្លាំងមក លើព្រះរាជាណាចក្រកម្ពុជានោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាបី កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ធ នឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ៣០%។
២-តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសពាយ័ព្យមានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់ បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣៥%។
-រលឹកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម