ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុទ្ធនាការ #KuToo នៅជប៉ុន កំពុងដាក់ញត្តិទៅឱ្យរដ្ឋាភិបាល ដើម្បីបញ្ឈប់ការទាមទារដែលថា «បុគ្គលិកស្រីត្រូវតែពាក់ស្បែកជើងកែង»

    BY autoadmin June 3, 2019
    យុទ្ធនាការ #KuToo នៅជប៉ុន កំពុងដាក់ញត្តិទៅឱ្យរដ្ឋាភិបាល ដើម្បីបញ្ឈប់ការទាមទារដែលថា «បុគ្គលិកស្រីត្រូវតែពាក់ស្បែកជើងកែង»

    ស្ត្រីជនជាតិជប៉ុនមួយក្រុមកាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា បានដាក់ញត្តិទៅឱ្យរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងតម្រូវការជាក់ស្ដែងដែលថា បុគ្គលិកនារីត្រូវតែពាក់ស្បែកជើងកែង (high heel) នៅកន្លែងធ្វើការ។ យុទ្ធនាការ #KuToo ជាពាក្យតំណាងចេញពីពាក្យ ២ នៅក្នុងភាសាជប៉ុន ដោយ ទី១ គឺ «kutsu» មានន័យថា «ស្បែកជើង» និង ទី២ គឺ «kutsuu» មានន័យថា «ឈឺចាប់» ។ វាត្រូវបានបង្កើតឡើងដោយតារាសម្តែង និងជាអ្នកនិពន្ធឯករាជ្យនាង Yumi Ishikawa ហើយភ្លាមៗក៏បានទទួលការគាំទ្រពីមនុស្សជិត ១៩,០០០នាក់ នៅលើអ៊ិនធឺណេត។

    ក្រុមអ្នកធ្វើយុទ្ធនាការ #KuToo បាននិយាយថា ការពាក់ស្បែកជើងកែងខ្ពស់ត្រូវបានគេមើលឃើញថា ស្ទើរតែជាកាតព្វកិច្ចរបស់បុគ្គលិកនារីនៅតាមបណ្តាក្រុមហ៊ុនជប៉ុននានា។ នាង Ishikawa ដែលជាអ្នកដឹកនាំធ្វើយុទ្ធនាការបានប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយពីបានជួបមន្រ្តីក្រសួងការងារថា៖ «ថ្ងៃនេះយើងបានដាក់ញត្តិអំពាវនាវឱ្យមានច្បាប់ ដែលហាមមិនឱ្យនិយោជកបង្ខំឱ្យស្រ្តីពាក់ស្បែកជើងកែង វាក៏ដូចជាហាមឃាត់ការរើសអើងផ្លូវភេទ ឬការធ្វើទុក្ខបុកម្នេញដែរ»។

    យ៉ាងណាមិញមន្រ្តីក្រសួងការងារម្នាក់ដែលនាង Ishikawa បានជួបក៏ជាស្ត្រីដូចគ្នា ហើយគាត់ក៏មានចិត្តអាណិតអាសូរចំពោះការដាក់ញត្តិរបស់នាង Ishikawa ហើយបានប្រាប់មកនាងវិញថា នេះជាលើកទីមួយដែលមានការស្នើបែបនេះបានទៅដល់ដៃពួកក្រសួង។ នាង Ishikawa ក៏បានបន្ថែមទៀតថា «នេះជាជំហានដំបូងឆ្ពោះទៅមុខ» ដែលវានឹងឆ្ពោះទៅរកការសម្រេចគោលដៅរបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: