រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំដីបម្រុងទុកសម្រាប់ដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមុខ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនថា នឹងរៀបចំដីបម្រុងទុកសម្រាប់ដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមុខ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លំដាប់ ថ្នាក់ 4E ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណភាពរបស់ខេត្តព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងស្របតាមផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ។

ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ជាប់របងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ថា ក្រសួងបរិស្ថាន សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំដីបម្រុងទុកសម្រាប់ដោះស្រាយផលប៉ះពាល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវមុខ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ចំពោះកិច្ចការនេះ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មការ អន្តរក្រសួង បានធ្វើការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងជាប់របងអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ និងបានត្រៀមរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ផ្សេងៗ រួមមាន៖ ផ្លូវ ទឹកស្អាត និង បណ្តាញអគ្គិសនី ចូលទៅកាន់ទីតាំងដីបម្រុងទុក ដែលគណៈកម្មការអន្តរក្រសួងបានរៀបចំសម្រាប់ជូន បងប្អូនប្រជាពលរដ្ឋ។ កន្លងមក ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយគណៈកម្មការអន្តរក្រសួង បានខិតខំជួបប្រជុំសម្របសម្រួលជាមួយបងប្អូនជាច្រើនលើកច្រើនសារ ដែលមកទល់ពេលនេះមានគ្រួសារ ប្រជាពលរដ្ឋមួយចំនួនបានឯកភាពទទួលយកទីតាំងដីឡូត៍ថ្មីរួចរាល់ហើយ ប៉ុន្តែនៅមានគ្រួសារប្រជាពលរដ្ឋ មួយចំនួនទៀត នៅតែទាមទារលក្ខខណ្ឌផ្សេងៗ ដែលធ្វើឱ្យមានការរាំងស្ទះដល់គម្រោងអភិវឌ្ឍអាកាស យានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ លំដាប់ ថ្នាក់ 4E ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណភាពរបស់ខេត្តព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងស្របតាមផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ មកដាក់ពាក្យទទួលយកទីតាំងដីឡូត៍ថ្មី ជាមួយក្រុមការងារដោះស្រាយ ផលប៉ះពាល់ថ្នាក់ខេត្ត ដោយទុករយៈពេលចំនួន ១៥ ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ផុតរយៈពេលកំណត់ខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ ពុំលើកយកករណីនេះមកពិនិត្យសម្របសម្រួល ដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋទៀតឡើយ ហើយ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការរដ្ឋបាល ចុះរុះរើសំណង់ដែលសង់លើដីសាធារណៈរបស់រដ្ឋ ស្របតាមច្បាប់ដែលមានចែងជាធរមាន៕



ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ