ក្រសួងការងារ ស្នើឱ្យសហគ្រាសនានាចុះបញ្ជីការប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី ១ ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥
(រាជធានីភ្នំពេញ)៖ តាមសេចក្ដីជូណដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សហគ្រាសនានាចុះបញ្ជីការប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ក្នុងសេចក្ដីជូណដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា ដើម្បីអាចប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០២៦ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ ហត្ថពលកម្មបរទេស ចាប់ពីថ្ងៃទី ១ ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ កម្លាំងពលកម្មបរទេស (Foreign Workers Centralized Management System – FWCMS) តាមរយៈគេហទំព័រ https://fwcms.mlvt.gov.kh/។ ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រដែលបើកដំណើរការក្រោយកាលបរិច្ឆេទនេះ ហើយមានតម្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសអាចស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសភ្លាមៗ បន្ទាប់ពីសហគ្រាស ក្រុមហ៊ុន រោងចក្រនោះមានដំណើរការ។
ដើម្បីទទួលបានបញ្ជីឈ្មោះកម្មករនិយោជិតខ្មែរ និងបរទេសដោយស្វ័យប្រវត្តិ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវធ្វើការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ (Labour Centralized Management System – LACMS) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (Foreign Workers Centralized Management System – FWCMS) ដោយអនុវត្តតាមការណែនាំនៅក្នុងតំណភ្ជាប់នេះ https://lacms.mlvt.gov.kh/backend/guidline/register/how_to_link FWCMS LACMS.pdf។
ក្រសួងសូមបញ្ជាក់ថា ជនបរទេសដែលចូលមកស្នាក់នៅនិងប្រកបមុខរបរ ឬធ្វើការនៅព្រះរាជាណាចក្រ កម្ពុជា ត្រូវស្នើសុំបណ្ណការងារនិងសៀវភៅការងារជនបរទេសតាមរយៈប្រព័ន្ធ FWCMS ក្នុងរយៈពេល ៩០ថ្ងៃ យ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទដំបូងដែលបានចូលមកព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រដែលមានប្រើប្រាស់ហត្ថពលកម្មបរទេសមិនបាន ស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៦ ឬជនបរទេសមិនបានស្នើសុំបណ្ណការងារ និងសៀវភៅការងារជនបរទេសតាមកាលបរិច្ឆេទកំណត់ខាងលើ ត្រូវរងការផាកពិន័យជាប្រាក់ និងចំណាត់ការពី អធិការការងារស្របតាមច្បាប់ជាធរមាន៕

