Converse សហការគ្នាជាមួយក្រុមហ៊ុនជប៉ុន ផលិតស្បែកជើងដែលធ្វើចេញពីស្រទាប់ផ្កាសាគូរ៉ាពិតៗ
ថ្មីៗនេះ Converse បានសហការគ្នាជាមួយនឹងក្រុមហ៊ុនមួយនៅក្នុងប្រទេសជប៉ុន ដោយនាំយកនូវស្បែកជើង ដែលមានការរចនាបែបធម្មជាតិ និងរចនាប័ទ្មថ្មីបំផុត។ ដោយសហការជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ Toyoshima ក្រុមហ៊ុន Converse នឹងចេញលក់នូវស្បែកជើងកវែងរបស់ខ្លួន ដែលស៊េរីថ្មីនេះគឺយកលំនាំគំរូផ្កាសាគូរ៉ា ដែលមានពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺថា វាត្រូវបានផលិតឡើងដោយស្រទាប់ផ្កាសាគូរ៉ាពិតប្រាកដតែម្តង។

យ៉ាងណាមិញលោកអ្នកកុំបារម្ភថា ពួកគេនឹងកាប់បំផ្លាញដើមសាគូរ៉ា ដើម្បីយកមកផលិតស្បែកជើងនេះអី! ព្រោះពួកគេគ្រាន់តែទៅរើសស្រទាប់ផ្កាដែលជ្រុះមកលើដីស្រាប់ ដែលតែងតែមានក្នុងអំឡុងពេលរដូវផ្ការីកប៉ុណ្ណោះ។ ជាការពិតការចូលរួមទិញស្បែកជើង Converse ម៉ូដែលនេះ មិនត្រឹមតែមិនបានបំផ្លាញដល់ដើមផ្កាសាគូរ៉ានោះទេ វាថែមទាំងបានជួយបង្កើនចំនួនដើមផ្កាសាគូរ៉ាទៅវិញ។ ភាគរយនៃការលក់នីមួយៗនឹងត្រូវបានបរិច្ចាគទៅដល់គម្រោងដាំដើមផ្កា នៅតាមទីតាំងមួយចំនួនដូចជាតំបន់ Tohoku ដែលធ្លាប់ត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមីកាលពី ឆ្នាំ២០១១។
ចំពោះស្បែកជើង Converse នេះផងដែរ ពណ៌របស់វាត្រូវបានយកចេញពីស្រទាប់ផ្កាសាគូរ៉ាសុទ្ធ។ ម៉ូដែលនេះមានចំនួន ៣ពណ៌ ដែលពណ៌នីមួយៗសុទ្ធតែចម្រាញ់ចេញពីវត្ថុធាតុដើមពិតៗ ហើយមានតម្លៃ ៩,០០០យ៉េន ដែលស្មើនឹង ៨៣ដុល្លារអាមេរិក ក្នុងមួយគូ និងមានលក់នៅអ៊ីនធឺណេត ចាប់ពីខែសីហា ឆ្នាំ២០១៩ នេះតទៅ៕




អត្ថបទ៖ លីដា
ប្រភព៖ mymodernmet