ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់អ្នកអនុវត្តគម្រោងសាងសង់ឆ្នេរ ២,៧០០ម៉ែត្រ ធ្វើយ៉ាងណាអាចឱ្យពលរដ្ឋចូលលេងកម្សាន្តបាននៅខែវិច្ឆិកា ខាងមុខនេះ
(ខេត្តកែប)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់អ្នកអនុវត្តគម្រោងសាងសង់ឆ្នេរ ២,៧០០ម៉ែត្រ ធ្វើយ៉ាងណាអាចឱ្យពលរដ្ឋចូលលេងកម្សាន្តបាននៅខែវិច្ឆិកា ខាងមុខនេះ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់‹‹ឆ្នេរតេជោសន្តិភាពកែប›› ក្នុងនោះឯកឧត្តមបានណែនាំជំរុញដល់អ្នកម៉ៅការពន្លឿនក្នុងការសាងសង់ ធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋចូលលេងកម្សាន្តបានក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។
ក្នុងដំណើរចុះពិនិត្យនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ អមដំណើរដោយ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប វត្តមានឯកឧត្តមលោកជំទាវប្រតិភូ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា នៅរាជធានីភ្នំពេញនឹងផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូច្នេះតាមបណ្តាខេត្តនឹងក្លាយជាទិសដៅនៃការធ្វើដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋពិសេសខេត្តតំបន់សមុទ្រ ហេតុនេះការពន្លឿនអនុវត្តគម្រោងឆ្នេរតេជោសន្តិភាពកែប ជាការបើកបង្ហាញសមិទ្ធផលថ្មីជូនពលរដ្ឋបានស្គាល់ ក៏ដូចជាជួយទាក់ទាញអ្នកទេសចរចូលមកលេងខេត្តកែបកាន់តែច្រើនផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា នេះជាសមិទ្ធផលដ៏លេចធ្លោមួយទៀតសម្រាប់ប្រជាជនខេត្តកែប ក្នុងសម័យតេជោ-ធិបតី។ គម្រោងនេះ នឹងលើកកម្ពស់គុណភាពឆ្នេរប្រវែងឆ្នេរ ២,៧០០ម៉ែត្រ លាតសន្ធឹងនៅប៉ែកខាងលិចក្រុងកែប ឱ្យក្លាយទៅជាឆ្នេរខ្សាច់កម្សាន្តប្រណិតតែមួយគត់ ដែលនឹងឆ្លើយតបបានទៅនឹងការរំពឹងទុក របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ត។
ឯកឧត្តមក៏រំពឹងខ្ពស់ដែរថា ក្នុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ ខេត្តកែបនឹងទទួលបានអ្នកទេសចរ មកលេងកម្សាន្តច្រើនជាងឆ្នាំកន្លងទៅ ស្របពេលដែលតំបន់ទេសចរណ៍មានច្រើនជម្រើស ពិសេសឆ្នេរថ្មីរបស់យើង គឺ ឆ្នេរតេជោសន្តិភាពកែប ការស្ថាបនាកាន់តែជិតរួចរាល់៕




ប្រភព៖ ក្រសួងព័ត៌មាន