ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សហគមន៍កសិកម្មទំនើប ទទួលបានការគាំទ្រពីប្រជាកសិករទូទាំងប្រទេស

    BY soknita September 8, 2025
    សហគមន៍កសិកម្មទំនើប ទទួលបានការគាំទ្រពីប្រជាកសិករទូទាំងប្រទេស

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មបានសរសេរនៅលើបណ្តាញសង្គមថ្មីៗនេះថាពិតជាសប្បាយចិត្ត ដែលឃើញបងប្អូនកសិករយើងរឹតតែច្រើនចាប់ផ្តើមមើលឃើញពីអត្ថប្រយោជន៍នៃសហគមន៍កសិកម្មទំនើប និងស្ម័គ្រចិត្តចូលរួមកាន់តែបានទូលំទូលាយ ដើម្បីការពារខ្លួនពីបញ្ហាឡើងចុះនៃថ្លៃទីផ្សារ។

    ក្រុមការងារនៃក្រសួងកសិកម្មត្រៀមខ្លួនរួចជាស្រេចដើម្បីចងក្រងនិងបង្កើតជាសហគមន៍កសិកម្មទំនើបជូនដល់បងប្អូនកសិករយើងទាំងអស់គ្នាខណៈនៅថ្ងៃទី១២កញ្ញាខាងមុខនេះ សហគមន៍កសិកម្មទំនើបដំណាំស្រូវ២ទៀតនឹងបង្កើតឡើងនៅស្រុកមោងឫស្សី និងស្រុកបាណន់ ខេត្តបាត់ដំបង។

    ការលើកឡើងនេះ គឺបន្ទាប់ពីនៅត្រឹមដំណាច់ឆ្នាំ២០២៥នេះ សហគមន៍កសិកម្មទំនើបសរុបប្រមាណ ១៨សហគមន៍នឹង ត្រូវ បង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយកាលពីដើមខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន ១២ បន្ថែមទៀត និងបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅក្នុងខេត្តចំនួន៧ រួមមាន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ ពីលើសហគមន៍កសិកម្មដែលមានស្រាប់សរុបចំនួន ២ ៦០១ សហគមន៍។

    ទន្ទឹមនេះយោងតាមកិច្ចប្រជុំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១១ សម្រាប់ ខែសីហា ឆ្នាំ២០២៥ បានពិភាក្សា និងឯកភាពគ្នាលើសកម្មភាពត្រូវអនុវត្តបន្តសម្រាប់បេក្ខភាពសហគមន៍ ដែលបានស្នើសម្រាប់បង្កើតជាសហគមន៍កសិកម្មទំនើបនៅឆ្នាំ២០២៦ ខាងមុខនេះទៀត។
    លទ្ធផលនេះបានមក គឺបន្ទាប់ពីក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រហូតមកដល់ពេលនេះ បានចុះពន្យល់ ផ្សព្វផ្សាយដោយផ្ទាល់ពីទស្សនទាននៃសហគមន៍កសិកម្មទំនើប ដល់ ប្រជាកសិករ ជាច្រើន ម៉ឺននាក់ នៅក្នុងខេត្តចំនួន ១៥ នៅទូទាំងប្រទេស។

    រហូតមកដល់ពេលនេះ សហគមន៍កសិកម្ម ទំនើបមានផលិតលើមុខដំណាំយុទ្ធសាស្ត្រចំនួន៤ មុខគឺ ដំណាំស្រូវ ដំណាំបន្លែ ដំណាំស្វាយចន្ទី និងដំណាំម្រេច ជាដើម ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននិងកំពុងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅតាមបណ្ដាខេត្តមួយចំនួន និងផ្ដោតលើមុខដំណាំដែលមានសក្ដានុពលខ្ពស់ ដូចជា ស្វាយចន្ទី កៅស៊ូ និង ទុរេន ជាដើម។

    សូមបញ្ជាក់ថា ផលប្រយោជន៍នៃសហគមន៍កសិកម្មទំនើប គឺធ្វើអោយក្រុមកសិករមានអំណាចចរចាទីផ្សារទាំងក្នុងការ ទិញធាតុចូល និងការលក់កសិផលរបស់សហគមន៍, ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ ចំណេញ ឱ្យបានជាអតិបរមា តាមរយៈអត្ថប្រយោជន៍ដែលទទួលបានពីសេដ្ឋកិច្ចមាត្រដ្ឋាន (ផលិតបានទំហំបរិមាណផលិតផលច្រើន), ការទទួលបានការគាំទ្រផ្នែកបច្ចេកទេសដាំដុះនិងសម្ភារៈ ពីរដ្ឋាភិបាល។ ដូចជាសហគមន៍កសិកម្មទំនើបចំនួន៦ កំពុងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលជាប្រាក់កម្ចីប្រាក់ទាប ក្នុងរង្វង់ ៧% ក្នុង ១ឆ្នាំ សម្រាប់ការធ្វើទុនបង្វិលដែលមានទឹកប្រាក់សរុបប្រមាណ១,៩លានដុល្លារ។ ហើយរដ្ឋាភិបាលក៏បានសម្រេចជាគោលការណ៍ដោយត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីទាបដល់សហគមន៍កសិកម្មទំនើបរយៈពេល៣ឆ្នាំបន្ថែម គឺពីឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០២៧។

    សូមបញ្ជាក់ថា វត្ថុបំណង នៃការបង្កើតសហគមន៍កសិកម្មទំនើប គឺប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។

    សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម ជាផ្នែកមួយនៃ«កម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា» ដាក់ឱ្យអនុវត្តកាលឆ្នាំ ២០២៣។

    កំណើននៃសហគមន៍កសិកម្មទំនើបនឹងជួយរក្សាបានស្ថេរភាពផ្គត់ផ្គង់ទំនិញនៅលើទីផ្សារក្នុងស្រុក ឈប់ពឹងអាស្រ័យលើការនាំចូល ពីប្រទេសជិតខាង ផ្ទុយទៅវិញយើងមានសមត្ថភាពសម្រាប់ការនាំចេញទៀតផង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: