ឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ ជាប្រធានាធិបតីទី១ ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃចាប់ផ្តើមដំបូង
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ( FERDINAND ROMUALDEZ MARCOS Jr. )ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាប្រកដោយផ្លែផ្កា។

ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញាឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានគូសរំលេចឱ្យឃើញ អំពីវត្តមានប្រធានាធិបតីហ្វីលីពីនដំបូងគេ ដែលបានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានារយៈពេល៩ឆ្នាំចុងក្រោយនេះ។

លើសពីនេះ អ្វីដែលជាការកត់សម្គាល់ជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីននោះ ខណៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611)ជាជើងហោះហើរដំបូងគេចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ,ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់បាន ក្លាយជាឥស្សរជនជាន់ខ្ពស់អន្តរជាតិដំបូងគេដោយធ្វើដំណើរហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាព្រលានយន្តហោះធំជាងគេ នៅកម្ពុជា ហើយទើបចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិជាផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញានេះដែរ។
ជាមួយនឹងវត្តមានដ៏ឧតុង្គឧត្តមរបស់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋហ្វីលីពីននិងជាថ្ងៃនក្ខត្តប្ញក្សរបស់ព្រះរាជាចក្រកម្ពុជានូវសមិទ្ធផលតម្លៃរាប់ពាន់លានដុល្លារ ក្នុងថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារថា”អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក”។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា “ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាស បើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់ វិស័យ អាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌល អាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។
សម្ដេចតេជោបានគូសរំលេចថា ជើងហោះហើរដំបូងគេ នឹងចូលចតក្នុង អាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរចុងក្រោយគេបង្អស់ដែលចេញពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។
ចំណែកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារ លើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះដែរដោយខ្លឹមសារថា”អបអរសាទរ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ ពិភពលោកកាន់តែធំ និងទូលាយជាងមុន។
សម្ដេចបវរធិបតីគូសបញ្ជាក់ថា វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរ ដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនង របស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេសពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង ការទូត និងគោលដៅផ្សេងៗរាប់មិនអស់។ អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅ មកកាន់កម្ពុជា។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដី ដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយ ប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។
លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុង វិស័យ អាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។
ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះមានសមត្ថភាពអាចទទួល អ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ និងដោះស្រាយ ទំនិញបាន ២៦,០០០ តោន។ជាមួយគ្នានេះក្រុមហ៊ុនវិនិយោគមានមហិច្ឆតាអភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឱ្យធំ និងទំនើបជាងគេនៅតំបន់ អាស៊ីផង ដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន