ការស្រាវជ្រាវបង្ហាញថា ការទទួលទាន វីតាមីន D អាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺមហារីក
ការស្រាវជ្រាវបានបង្ហាញថា ការទទួលទាន វីតាមីន D ជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺមហារីកបាន។ ក្រុមអ្នកជំនាញក៏បាននិយាយថា វេជ្ជបណ្ឌិតគួរតែមានការចេញវេជ្ជបញ្ជាជាថ្នាំគ្រាប់លេបជាប្រចាំ ឬផ្តល់ការណែនាំឱ្យអ្នកជំងឺទទួលបាន វីតាមីន D ពីប្រភពខាងក្រៅ។ ប្រភពចម្បងនៃ វីតាមីន D ក្រៅពីថ្នាំគ្រាប់គឺ ពន្លឺព្រះអាទិត្យ និងអាហារមួយចំនួន រួមមានត្រីសម្បូរជាតិខ្លាញ់ដូចជា៖ ត្រីសាម៉ុង សាឌីន និងត្រីស្បៃកា ព្រមទាំងសាច់ក្រហម និងស៊ុត។

វេជ្ជបណ្ឌិតបានពិនិត្យលើការស្រាវជ្រាវលើមនុស្សចំនួន ៧៩,០០០នាក់ ដែលមានអាយុជាមធ្យម ៦៨ឆ្នាំ ក្នុងរយៈពេលយ៉ាងហោចណាស់ ៤ឆ្នាំ។ ក្នុងនោះគេបានរកឃើញថា ១៣% នៃអ្នកដែលទទួលថ្នាំគ្រាប់ វីតាមីន D ជំនួសឱ្យការលេបថ្នាំសាកល្បង (placebos) ហាក់ដូចជាមិនវិវត្តខ្លួនឱ្យមានជំងឺមហារីក និងស្លាប់ដោយសារមហារីកនោះទេ។ ជាពិសេសនៅក្នុងប្រទេសអង់គ្លេស ក្នុងអំឡុងរដូវស្លឹកឈើជ្រុះ និងរដូវរងារ ប្រជាជនត្រូវបានណែនាំឱ្យទទួលទានអាហារបំប៉នដែលមានផ្ទុក វីតាមីន D ចំនួន ១០ មីក្រូក្រាម។
វេជ្ជបណ្ឌិត Tarek Haykal នៃសាកលវិទ្យាល័យ Michigan បាននិយាយថា៖ «ខ្ញុំចង់ឃើញអ្នកឯកទេសខាងជំងឺមហារីក និងវេជ្ជបណ្ឌិត ពិចារណាអំពីការចេញវេជ្ជបញ្ជាថ្នាំ វីតាមីន D សម្រាប់អ្នកជំងឺរបស់ពួកគេ ខណៈដែលវា (វីតាមីន D) មានអត្ថប្រយោជន៍ជាច្រើន ជាមួយនឹងផលប៉ះពាល់តិចតួច»។ វេជ្ជបណ្ឌិត Rachel Shaw នៃមជ្ឍមណ្ឌលស្រាវជ្រាវមហារីករបស់ចក្រភពអង់គ្លេសបាននិយាយថា៖ «វីតាមីន D អាចធ្វើឱ្យប្រសើរឡើងដល់ការព្យាបាលរោគនៅពេលអ្នកជំងឺមានការលូតលាស់នៃមហារីក» «ការស្រាវជ្រាវបន្ថែមសម្រាប់ការរកឃើញនេះគឺចាំបាច់ ហើយវាជារឿងសំខាន់ដែលអ្នកជំងឺមហារីកគួរពិគ្រោះជាមួយគ្រូពេទ្យជាមុន មុននឹងប្រើថ្នាំវីតាមីនបន្ថែម»៕


អត្ថបទ៖ លីដា
ប្រភព៖ Mirror