គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា គិតត្រឹមដើមខែកញ្ញា ឆ្នាំ ២០២៥ នេះ សម្រេចលទ្ធផលបាន ៤៥ ភាគរយ
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះរបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៅលើគណនីផ្ទាល់របស់លោក នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា គិតត្រឹមដើមខែកញ្ញា ឆ្នាំ ២០២៥ នេះ សម្រេចលទ្ធផលបាន ៤៥ ភាគរយ មានន័យថា ការអនុវត្តតាមគម្រោងលឿនជាងផែនការ ៤,១១ ភាគរយ។ ក្នុងរយៈពេលសាងសង់តាមផែនការមានរយៈពេល ៤២ខែ និងត្រៀមបញ្ចប់នៅដើមឆ្នាំ ២០២៨ ខាងមុខនេះ។

លើសពីនេះ លោក ផន រឹម បានបន្ថែមថា ឯកឧត្ដមរដ្ឋមន្ត្រី បានជំរុញក្រុមហ៊ុនពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារបន្តទៀតដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។
ក្រោយបញ្ជប់ការសាងសង់រួច គម្រោងស្ពានមួយនេះ ត្រូវបានរំពឹងថាជួយ៖
-កាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។
– ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។
-កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ៕



ប្រភព៖ ផន រឹម