ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបបានជនសង្ស័យម្នាក់ ករណីឆបោកប្រាក់តាមរយៈការវិនិយោគអនឡាញ

    BY soknita September 11, 2025
    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបបានជនសង្ស័យម្នាក់ ករណីឆបោកប្រាក់តាមរយៈការវិនិយោគអនឡាញ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបបានជនសង្ស័យម្នាក់ ករណីឆបោកប្រាក់តាមរយៈការវិនិយោគអនឡាញ ដោយទទួល និងផ្ទេរប្រាក់ឆបោកពីជនរងគ្រោះជាបន្ដបន្ទាប់។

    តាមការបញ្ជាក់របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយយោងតាមបតបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី និងឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគតាមអនឡាញ។

    ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឈ.ច.រ ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ជាអ្នកធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់ឆបោកពីជនរងគ្រោះជាបន្ដបន្ទាប់ ហើយទទួលបានផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

    នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឱ្យបានហ្មត់ចត់ទៅលើការដាក់ប្រាក់វិនិយោគតាមអនឡាញ ជៀងវាងការខាតបង់ផលប្រយោជន៍នានាក្រោមការឆបោកពីជនអនាមិក៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Share This Post: