ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា៖ ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ កម្ពុជាមានកំណើន ៥៥% នៃចំនួនសិស្ស និស្សិតសិក្សានៅសហរដ្ឋអាមេរិក
(រាជធានីភ្នំពេញ)៖ យយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា៖ ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ កម្ពុជាមានកំណើន ៥៥% នៃចំនួនសិស្ស និស្សិតសិក្សានៅសហរដ្ឋអាមេរិក។

ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញបានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក ដែលហៅថា EducationUSA ប្រចាំឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ និងនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ដើម្បីតភ្ជាប់និស្សិតកម្ពុជា ជាមួយស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក និងផ្តល់ឱកាសសម្រាប់ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នាផ្នែកសិក្សាអប់រំ។ ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ កម្ពុជាមានកំណើន ៥៥% នៃចំនួនសិស្ស និស្សិតសិក្សានៅសហរដ្ឋអាមេរិក ហើយកំណើននៃភាគរយនេះគឺខ្ពស់លើសគេនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
នៅក្នុងកម្មវិធីពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកប្រចាំឆ្នាំ ២០២៥ កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅក្នុងខេត្តសៀមរាប លោកស្រី Sara Feuerstein ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាម៉េរិក និងលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបបានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍នេះ ដែលមានអ្នកចូលរួមជាង ៩០០ នាក់។
ក្នុងឱកាសនោះ លោកស្រី Sara Feuerstein បានថ្លែងថា៖ «តាមរយៈពិព័រណ៍ EducationUSA និស្សិតកម្ពុជាមានឱកាសពិសេស ក្នុងការសិក្សានៅសហរដ្ឋអាមេរិក ដែលជំរុញការយល់ដឹងទៅវិញទៅមក និងផ្តល់លទ្ធភាពឱ្យមនុស្សជំនាន់ក្រោយអាចរួមចំណែកដល់ការរីកចម្រើនជាសាកល»។
ចំណែកនៅរាជធានីភ្នំពេញ លោកភារធារីស្ថានទូតអាម៉េរិក Benjamin Chiang និងឯកឧត្ដម បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកកម្មវិធីពិព័រណ៍ ដោយកាត់ខ្សែបូរ និងសំណេះសំណាលជាមួយតំណាងនៃសាកលវិទ្យាល័យនីមួយៗ ក្នុងពេលទស្សនាស្តង់ពិព័រណ៍នានា នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ។
លោកភារធារីស្ថានទូត Benjamin Chiang បានគូសបញ្ជាក់ថា៖ «ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអប់រំ និងកិច្ចសហការអន្តរជាតិ បង្ហាញពីបំណងប្រាថ្នារបស់យុវជនកម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក»។
ជារៀងរាល់ឆ្នាំ ពិព័រណ៍ EducationUSA ផ្តល់ឱកាសដ៏មានតម្លៃសម្រាប់និស្សិតកម្ពុជាស្វែងយល់ពីឱកាសសិក្សាបន្ត នៅសហរដ្ឋអាមេរិក។ ក្នុងពិព័រណ៍នៅឆ្នាំនេះ អ្នកចូលរួមបានស្វែងយល់ព័ត៌មានអំពីអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សានានា ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក ស្វែងយល់អំពីដំណើរការសុំទិដ្ឋាការពីមន្រ្តីកុងស៊ុលនៃស្ថានទូតអាម៉េរិក និងធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយតំណាង ដែលមកពីស្ថាប័នអប់រំចំនួន ១០ នៅសហរដ្ឋអាមេរិក។ អ្នកតំណាងទាំងនេះបានចែករំលែកព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា លក្ខណៈសម្បត្តិអាចចូលរៀនបាន និងដំណើរការដាក់ពាក្យចូលរៀន ដែលជំរុញឱ្យនិស្សិតបោះជំហានបន្ទាប់ដើម្បីសម្រេចគោលដៅសិក្សារបស់ពួកគេ។
ចំពោះសាកលវិទ្យាល័យដែលបានតំណាងនៅក្នុងពិធីនេះ ស្ថិតនៅក្នុងទីក្រុងធំ និងតូច មានរាប់ពីសាកលវិទ្យាល័យធំ ទៅសាកលវិទ្យាល័យតូច ទាំងផ្នែកសាធារណៈ និងឯកជន ពីសាកលវិទ្យាល័យសិក្សា ៤ ឆ្នាំទៅមហាវិទ្យាល័យសហគមន៍សិក្សា ២ ឆ្នាំ ទាំងនេះបង្ហាញពីជម្រើសនានា សម្រាប់និស្សិតក្នុងការស្វែងរកការអប់រំដែលសមស្របនឹងចំណាប់អារម្មណ៍ និងគោលដៅរបស់ពួកគេ។
ក្នុងរយៈពេលពេញឆ្នាំមួយ ស្ថានទូតអាម៉េរិកនៅរាជធានីភ្នំពេញបានផ្សព្វផ្សាយឱកាសសម្រាប់ការសិក្សា តាមរយៈមជ្ឈមណ្ឌលប្រឹក្សាអប់រំ EducationUSA ដោយឥតគិតថ្លៃនៅភ្នំពេញនាមជ្ឈមណ្ឌល AmCam Exchange និងខេត្តសៀមរាប នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏ដូចជាសេវាកម្ម EducationUSA នៅគ្រប់បណ្ណាល័យសហរដ្ឋអាមេរិក ។ មជ្ឈមណ្ឌលទាំងនេះ ផ្តល់ការណែនាំដោយផ្ទាល់ខ្លួន និងដោយឥតគិតថ្លៃ រាប់ពីដំណើរការដាក់ពាក្យសុំចូលរៀន ដល់ការរកសៀវភៅ និងឯកសារត្រៀម។ ស្ថានទូតអាម៉េរិកក៏ផ្តល់ផងដែរ នូវកម្មវិធីផ្លាស់ប្តូរផ្នែកការសិក្សាអប់រំ និងអាហារូបករណ៍ រៀបចំព្រឹត្តិការណ៍ទៀងទាត់តាមរយៈ បណ្ណាល័យអាម៉េរិក ទាំងបួនរបស់យើងនៅខេត្តបាត់ដំបង កំពង់ចាម រាជធានីភ្នំពេញ និងខេត្តសៀមរាប និងបានចុះផ្សព្វផ្សាយព័ត៌មាននៅតាមសាលានៅទូទាំងប្រទេសកម្ពុជា។
សូមជម្រាបជូនថា ចំពោះសាកលវិទ្យាល័យ និងមហាវិទ្យាល័យដែលចូលរួមក្នុងពិព័រណ៍ការសិក្សា EducationUSA ២០២៥ នេះរួមមាន៖ Bryant University, Clark College, Edmonds College, Foothill College, Iowa State University of Science and Technology, Kent State University, Lake Washington Institute of Technology, Middle Tennessee State University, Minnesota State University – Mankato, Seattle Colleges, Shoreline Community College និង University of Arizona៕




ប្រភព៖ ក្រសួងព័ត៌មាន