ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធ ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ក្នុងខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌកំបូល

    BY soknita September 15, 2025
    ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធ ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ក្នុងខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌកំបូល

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធ ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ក្នុងខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌកំបូល។

    កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ បានដឹកនាំ មន្ត្រី ជំនាញ ចុះ ពិនិត្យ ស្ថានភាព ទឹក លិច លើ ផ្លូវ ជាតិ លេខ ៤ ចំណុច ជិតស្ពាន អាកាស ចោមចៅ និង បាន បន្ត ពិនិត្យស្ថានភាព ប្រឡាយទឹកស្រប ផ្លូវ រថភ្លើង ក្នុង ភូមិសាស្ត្រ ខណ្ឌ ពោធិ៍សែនជ័យ និង ខណ្ឌ កំបូល រាជធានី ភ្នំពេញ ដែលមានជំនន់ទឹកភ្លៀងលិចតាមដងផ្លូវមួយចំនួនដោយសារមានភ្លៀងធ្លាក់យ៉ាងគំហុកនាល្ងាចថ្ងៃព្រហស្បត្តិ៏ និងល្ងាចថ្ងៃសៅរ៏។

    ក្នុងដំណើរចុះពិនិត្យខាងលើនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំ ដល់មន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ សហការ ជាមួយ រដ្ឋបាលខណ្ឌពោធិ៍ សែនជ័យ និង រដ្ឋបាល ខណ្ឌ កំបូល បិទទ្វារទឹកប្រឡាយ ស្របផ្លូវរថភ្លើង ជា បណ្ដោះអាសន្នសិន ដើម្បីឱ្យទឹក នៅលើផ្លូវលេខ ៤ស្រក ងាយស្រួល ធ្វើចរាចរ និងបិទទ្វារទឹកនៅផ្លូវជាតិលេខ៤ដែលហូរចាក់ទៅសណ្តស្ទឹងព្រែកត្នោតដើម្បីកុំឪ្យទឹកចាល់ចូលមកក្នុងរាជធានីភ្នំពេញវិញ។

    លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងដែរថា៖ភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី១៣កញ្ញាយ៉ាងពេញទំហឹងធ្វើឲ្យតំបន់មួយចំនួនត្រូវជន់លិច។ រហូតមកដល់ព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ ទឹកបានស្រកអស់ប្រមាណ៧០% នៅសល់៣០% ទៀតអាចនឹងស្រកអស់ក្នុងរវាងពី២ទៅ៣ម៉ោងក្រោយបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ។ ជាទូទៅស្ថានភាពជំនន់ទឹកភ្លៀងបានហូរចាក់មកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយរដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងក្នុង ការរំដោះនិងបញ្ចៀសទឹកទម្លាក់ទៅតាមប្រឡាយមេ និងអាងស្តុកទឹកដែលមាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីកាត់បន្ថយការលិចលង់រួមទាំងដំណើរការបូមទឹកនៃស្ថានីយ៏បូមទឹកព្រមៗគ្នាតាមស្ថានីយ៏ជាង១០ទីតាំងដើម្បីបូមទឹកបញ្ចេញទៅក្រៅក្រុង។

    ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យមន្ទីរសាធារណការ និង ដឹកជញ្ជូនជំរុញការស្តារប្រពន្ធ័លូ ប្រឡាយនៅលើកំណាត់ផ្លូវជាតិលេខ៤និងបើកឲ្យទឹកហូរចូលក្នុងព្រលានយន្ត ហោះពោធិចិនតុងជាបណ្តោះអាសន្នសិនដើម្បីកាត់បន្ថយការលិចផ្លូវជាតិលេខ៤ និងណែនាំបន្ថែម ដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមឧបករណ៍ និងសម្ភារៈ ដូចជារៀបចំជាបាវខ្សាច់ សម្រាប់រៀបទប់ ការពារទឹកហូរកាត់ផ្លូវ និងត្រូវប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកដែលនៅជន់លិចដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ ។

    ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរ សម្អាតផ្លូវ និងទីតាំងដែលត្រូវជនលិច នៅពេលទឹកស្រក់វិញឱ្យបានស្អាតអស់ពីផ្លូវផងដែរ ធ្វើយ៉ាងណាឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋបានប្រសើរឡើងវិញ ។

    គួររំលឹកថា នៅរាជធានីភ្នំពេញ នាប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់យ៉ាងជោគជាំ ស្ទើរគ្រប់កន្លែង ដែលបានបង្កឱ្យមានតំបន់មួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង និងបានធ្វើឱ្យលំហូរចរាចរណ៍ មានការកកស្ទះផងដែរ ។

    យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្ថាន ភាពអាកាសធាតុនៅថ្ងៃនេះនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដីប្រមាណ៤០%ក្នុងក្របខណ្ឌទូទាំងប្រទេស៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: