ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលនៃរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ

    BY soknita September 16, 2025
    រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលនៃរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ថា រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលនៃរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ។

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងចន្ទ នារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានជួបសម្តែងការគួរសម និងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីវៀងចន្ទ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសាលារាជធានីភ្នំពេញ។

    ចំពោះកិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីជំរុញឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជានិងឡាវ កាន់តែមានភាពរឹងមាំ ល្អប្រសើរមួយកម្រិតថែមទៀត ពិសេសជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ វប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀត សម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។

    ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានលើកឡើងពីភាពរីកចម្រើន របស់ប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ ដោយនៅពេលចុងក្រោយនេះ កម្ពុជា បានកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើន សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងនោះមានដូចជាការស្ថាបនា ព្រែកជីកហ្វូណនតេជោ ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ការស្តារទន្លេ ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានដាក់ឱ្យដំណើរការ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះជាដើម។

    ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ បានទទួលភ្ញៀវទេសចរ ប្រមាណ ១០លាននាក់ នៅក្នុងឆ្នាំ ២០២៤ ដែលនេះពិតជាបានបង្ហាញឱ្យឃើញ ពីការកើនឡើងភ្ញៀវទេសចរ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣។ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍ កាន់តែមានភាពកើតឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ។ ផ្លូវថ្មើជើងថ្មីនេះ បានទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងមួយថ្ងៃប្រមាណ ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។

    ជាមួយគ្នានេះ ឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងចន្ទ ក្នុងឱកាសនោះ បានសម្ដែងនូវការសាទរ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ និងបានកត់សម្គាល់ថា រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនល្អណាស់ ហើយនៅតាមបណ្ដាខេត្ត ក៏មានការរីកចម្រើនព្រមៗគ្នាផងដែរ។ ឯកឧត្តម អភិបាលរាជធានីវៀងចន្ទ បានគូសបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងឡាវ គឺកាន់តែមានភាពល្អប្រសើរ ដោយថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា បានធ្វើទស្សនកិច្ចនៅប្រទេសឡាវ ហើយរដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសឡាវ ក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។ នេះជាការពូនជ្រុំទំនាក់ទំនង នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ និងកាន់តែមានភាពរឹងមាំបន្ថែមទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: