រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនត្រៀមរៀបចំពិព័រណ៍អាជីវកម្មកម្ពុជាចិនដ៏ធំប្រចាំឆ្នាំ២០២៥ នៅចុងខែកញ្ញាខាងមុខនេះ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនត្រៀមរៀបចំពិព័រណ៍អាជីវកម្មកម្ពុជាចិនដ៏ធំប្រចាំឆ្នាំ២០២៥ នៅចុងខែកញ្ញាខាងមុខនេះ។

ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជានាំគ្នាពហិការ លែង ប្រើផលិតផលថៃ ឬ លែងពឹងលើផលិតពីរោងចក្រចេញពីប្រទេសថៃ ជាពិសេសចង់បង្កើត រោងចក្រ សិប្បកម្មដោយខ្លួនឯង តែពិបាករកដៃគូ រោងចក្រ សហការក្នុងការផលិត និង ផ្គត់ផ្គង់នោះ ពេលនេះ វិស័យឯកជននិងរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរៀបចំពិព័រណ៍អាជីវកម្មកម្ពុជាចិន ដ៏ធំប្រចាំឆ្នាំ ២០២៥ នៅចុងខែកញ្ញាខាងមុខនេះ ។
លោកបណ្ឌិត ឈួន វណ្ណសាក់ អអគ្គនាយកក្រុមហ៊ុន Powerlive ដែលជាអ្នកទទួលរៀបចំនិងសម្របសម្រួលកម្មវិធីនេះ បានប្រាប់ឱ្យដឹងថា ពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ដ៏ធំជាងគេ ត្រៀមប្រារព្ធឡើងនាថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ គឺមានសមភាពពីសមាគមចិនធំៗចំនួន៥មកពីប្រទេសចិន រួមគ្នារៀបចំឡើង ដោយទទួលបានគាំទ្រពីក្រសួងពាណិជ្ជកម្មនិងសភាពាណិជ្ជកម្ពុជា ។
ចំពោះព្រឹត្តិការណ៍នេះ ក៏នឹងមានការចូលរួមពីក្រុមហ៊ុនមកពីប្រទេសចិនប្រមាណជាង ១០០ស្តង់ និងត្រៀមស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាប្រមាណ ៥០០០នាក់ ទៅ ១០០០០នាក់ ក្នុងរយៈពេល ០៣ថ្ងៃ។ ពិព័រណ៍ផលិតផលចិននៅកម្ពុជានេះ នឹងផ្ដល់ឱកាសដល់អ្នកដែលចង់រកអ្នកផ្គត់ផ្គង់ ចង់បានគ្រឿងចក្រ ម៉ាស៊ីន ដើម្បីឆ្លើយតបនឹងការផលិតសម្រាប់ប្រជាជនខ្មែរ ជាពិសេសគឺលែងពិបាករកដៃគូសហការ ទៀតហើយ ដោយពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ។
លោកបណ្ឌិត ឈួន វណ្ណសាក់ បានបញ្ជាក់ថា ពិព័រណ៍នេះ នឹងបង្ហាញពីផលិតផលក្នុងវិស័យ គ្រឿងបន្លាស់យានយន្ត គ្រឿងអេឡិចត្រនិក និងផលិតផលវាយនភ័ណ្ឌដោយមានសហគ្រាសមកពី ប្រទេសចិនប្រមាណជាង១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួម ដើម្បីស្វែងរកដៃគូ ពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ជារួម ការតាំងពិព័រណ៍ រយៈពេល០៣ថ្ងៃនេះ នឹងផ្តល់ផ្តល់ឱកាស និងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើន ដល់បណ្តាក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងការសហការនាំចូលផលិតផល ពីបណ្តាសហគ្រាសដែលចូលរួមតាំងបង្ហាញផ្ទាល់ និងការសហការជាដៃគូវិនិយោគផ្សេងៗផងដែរ។
សូមបញ្ជាក់ថាព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ជាវេទិកាសម្រាប់តាំងបង្ហាញប្រភេទផលិតផលចេញពីវិស័យមានដូចជា៖ គ្រឿងបន្លាស់យានយន្ត ឧបករណ៍អគ្គិសនី សម្ភារៈសាងសង់ សម្ភារៈដេគ័រគ្រប់ប្រភេទ សម្លៀកបំពាក់គ្រប់ប្រភេទ ថាមពលស្អាត សូឡា រទេះក្មេង កង់ក្មេង ផលិតផលកាបូប អំពូលភ្លើងគ្រប់ប្រភេទ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន