ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    និស្សិតជនជាតិចិនម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារតែការរើសអើងពូជសាសន៍នៅអាមេរិក

    BY autoadmin June 5, 2019
    និស្សិតជនជាតិចិនម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារតែការរើសអើងពូជសាសន៍នៅអាមេរិក

    បណ្ឌិត្យសភាអាកាសចរណ៍អាមេរិកនៅក្រុង Denton រដ្ឋ Texas ត្រូវបានគេចោទប្រកាន់ពីបទធ្វេសប្រហែស និងការអនុវត្តរើសអើងពូជសាសន៍ បន្ទាប់ពីនិស្សិតអាកាសចរណ៍ជនជាតិចិនម្នាក់បានធ្វើអត្តឃាតនៅបរិវេណសាលា។ និស្សិតម្នាក់នោះ Yang Yan អាយុ ២១ឆ្នាំ ដែលត្រូវបានគេជឿថា មកពីខេត្ត Huai’an ខេត្ត Jiangsu ត្រូវបានគេរកឃើញថា បានស្លាប់ នៅព្រឹកថ្ងៃ ទី១៦ ខែមេសា កន្លងទៅ នៅក្នុងបន្ទប់អន្តេវាសិកដ្ឋានរបស់អាកាសចរណ៍។ ហើយការស្លាប់របស់គាត់ត្រូវបានកំណត់ថា ជាការធ្វើអត្តឃាត។

    ចាប់តាំងពីសោកនាដកម្មនេះមិត្តរួមថ្នាក់ខ្លះរបស់លោក Yan បានចាប់ផ្តើមបញ្ចេញមតិទាក់ទងនឹងការពិបាក ដែលឈាន់ទៅដល់ការស្លាប់របស់គាត់ និងការមិនយកចិត្តទុកដាក់ជាទូទៅរបស់សាលា ចំពោះសុខុមាលភាពនិស្សិតជនជាតិចិន ក្នុងទម្រង់នៃការរឹតបន្តឹងការធ្វើដំណើរ និងភាសា ព្រមទាំងការផ្តន្ទាទោសយ៉ាងព្រៃផ្សៃប្រសិនបើល្មើសច្បាប់ទាំងនេះ។ យោងតាមគេហទំព័រ CBS Dallas បានឱ្យដឹងថា រូបភាពមួយចំនួនត្រូវបានគេបង្ហោះ ហើយអ្វីដែលគួរឱ្យកត់សម្គាល់គឺលើគោលនយោបាយប្រើប្រាស់អង់គ្លេសដ៏តឹងរឹងរបស់សាលា។

    រូបភាពមួយក៏បានបង្ហាញថា និស្សិតត្រូវបានគេឱ្យលើកកាន់ក្រដាសដែលមានសរសេរអក្សរដែលបញ្ជាក់ថា ពួកគេបានរំលោភបំពានច្បាប់នៃការរឹតត្បិតភាសា (មិននិយាយភាសាអង់គ្លេស) ខណៈពេលដែលរូបថតមួយទៀតត្រូវបានគេបង្ហាញថា ជាកាលវិភាគប្រចាំថ្ងៃរបស់សិស្សដែលមានរយៈពេលរហូតដល់ ១៤ម៉ោង ដែលរួមមាន «ការបើកទ្វារឱ្យបុគ្គលិក, សំអាតស្នាមប្រឡាក់ចេញពីឥដ្ឋ និងសម្អាតបង្គន់នៅពេលយប់»។ នៅក្នុងការឆ្លើយតបទៅនឹងពាក្យបណ្តឹងទាំងនេះសាលាបច្ចេកវិទ្យាអាកាសចរណ៍បានចេញសេចក្តីថ្លែងការណ៍ពីរនៅ ថ្ងៃទី១៩ និងមួយទៀតនៅ ថ្ងៃទី២១ ខែមេសា ដែលបដិសេធការចោទប្រកាន់ និងការបន្ទោសទាំងអស់ ដោយមានខ្លឹមសារដូចខាងក្រោម៖

    គ្រួសាររបស់លោក Yan មិនត្រូវបានគេជូនដំណឹងភ្លាមៗទាក់ទងនឹងការធ្វើអត្តឃាតនោះទេ ហើយ ៨ថ្ងៃ ក្រោយមរណភាពរបស់គាត់ ម្ដាយរបស់គាត់នៅតែមិនបានទទួលការជូនដំណឹងពីសាលាអាកាសចរណ៍អាមេរិក និងមិនអាចឃើញសាកសពកូនប្រុសរបស់គាត់បាននោះទេ។ ក្រោយមកនៅ ថ្ងៃទី១៣ ខែឧសភា ទើបគេធ្វើពិធីបុណ្យសពឱ្យលោក Yan នៅឯ Restland Funeral Home នៅក្រុង Dallas ។ ពិធីរបស់គាត់ពោរពេញទៅដោយនិស្សិតនៃសាលាបច្ចេកវិទ្យាអាកាសចរណ៍ និងក្រុមគ្រួសាររ ដែលបានធ្វើដំណើរទៅរដ្ឋ Texas សម្រាប់ពិធីបុណ្យសពនេះ រួមជាមួយបាតុករជាច្រើន ដែលទាមទារយុត្តិធម៌ឱ្យលោក Yang និង «បញ្ចប់ការរើសអើងភ្លាម» ៕

    អត្ថបទ៖ លីដា
    ប្រភព៖ shanghai

    Share This Post: