ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគារពិគ្រោះជំងឺ (ប.ស.ស.) នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការ នាព្រឹកនេះ

    BY soknita September 18, 2025
    អគារពិគ្រោះជំងឺ (ប.ស.ស.) នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការ នាព្រឹកនេះ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា អគារពិគ្រោះជំងឺ (ប.ស.ស.) នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះហើយ។

    ដោយមាន ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺ (ប.ស.ស.) នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានកម្ពស់ ២ជាន់ មានបណ្តោយប្រវែង ៣០,៣៦ម៉ែត្រ ទទឹង ៦,២៥ម៉ែត្រ និងផ្ទៃក្រឡាសរុប ៥៦៩,០៤ម៉ែត្រក្រឡា ដែលមានបន្ទប់សម្រាកព្យាបាលសរុបចំនួន ២០បន្ទប់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។

    ចំពោះអគារពិគ្រោះជំងឺ (ប.ស.ស.) ដែលសម្ពោធប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ជាការពង្រីកទីតាំងការផ្ដល់សេវាកាន់តែទូលាយ ឆាប់រហ័ស ដែលអាចជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ពិសេសការផ្តល់សេវាពិគ្រោះជំងឺក្រៅជូនអ្នកជំងឺប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. បានកាន់តែច្រើនជាងមុនបន្ថែមទៀត ដែលជាចក្ខុវិស័យ របស់ក្រសួងសុខាភិបាល ដើម្បីឆ្ពោះទៅរកការសម្រេចបានតាមចក្ខុវិស័យសុខភាពកម្ពុជាឆ្នាំ២០៣០ គឺ «សម្រេចភាពធន់នៃប្រព័ន្ធសុខាភិបាល និងការគ្របដណ្តប់សុខភាពជាសកល ដែលធានាកម្ពុជាមានសុវត្ថិភាព និងសុខភាពល្អ»។

    គួរឱ្យដឹងផងដែរថា បច្ចុប្បន្នសមាជិក ប.ស.ស. ដែលមកទទួលសេវាពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យកាល់ម៉ែត្រ មានប្រមាណជាមធ្យម ៨០០នាក់ ដល់១ ៤០០នាក់ ក្នុង១ថ្ងៃ ហើយបន្ទាប់ពីអគារពិគ្រោះជំងឺ (ប.ស.ស.) ដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ នឹងអាចជួយកាត់បន្ថយការកកស្ទះក្នុងការមកទទួលសេវារបស់បងប្អូន និងបញ្ហាប្រឈមមួយចំនួនផងដែរ៕

    ប្រភព៖ បេឡាជាតិសន្តិសុខសង្គម

    Share This Post: