នារីម្នាក់ទៅមើលកុនរឿង Aladdin ម្នាក់ឯង បែរជាជួបស្នេហ៍ពិត ខំដើរប្រកាសរកបុរសរូបនោះទីបំផុតក៏…..
ម៉ាឡេស៊ី៖ ស្នេហាពេលខ្លះកើតឡើងបានតាមវិធីប្លែកៗ ដោយពេលខ្លះអ្នកអាចជួបនរណាម្នាក់ដែលអ្នកចូលចិត្ត នៅកន្លែងដែលអ្នកមិននឹកស្មានដល់បំផុត!។ ជាក់ស្តែងថ្មីៗនេះ សិស្សសាកលវិទ្យាល័យឯកជន UTAR បានចែករំលែករឿងមួយទៅលើបណ្តាញ Instagram ក្នុងគណនីឈ្មោះថា UTAR Confessions ដោយសង្ឃឹមថា នឹងស្វែងរកបុរសម្នាក់ដែលនាងបានលង់ស្រឡាញ់ ខណៈពេលដែលនាងកំពុងមើលរឿង Aladdin តែម្នាក់ឯង នៅឯក្នុងរោងកុន។

ជាក់ស្តែងដំបូងឡើយនាងត្រូវទៅមើលខ្សែភាពយន្ត Aladdin ជាមួយមិត្តរបស់នាង ប៉ុន្តែពួកគេបានលុបចោលការណាត់នៅនាទីចុងក្រោយ ដូច្នេះនាងត្រូវទៅរោងកុនតែម្នាក់ឯង។ នាងបាននិយាយថា៖ «នៅពេលខ្ញុំទៅដល់ខាងក្នុងរោងកុន ខ្ញុំឃើញមានបុរសសង្ហាម្នាក់កំពុងអង្គុយក្បែរខ្ញុំ។ តែទោះជាយ៉ាងណាក៏ដោយនៅក្នុងវគ្គមួយនៃខ្សែភាពយន្ត ខ្ញុំក៏បានដេកលក់អស់ប្រហែលជា ២០នាទី ហើយនៅពេលភ្ញាក់ឡើងវិញ ក៏ឃើញថាបុរសម្នាក់ដែលអង្គុយក្បែរខ្ញុំ កំពុងកាន់ដៃខ្ញុំ!»។
នាងបានសរសេរថា៖ «ខ្ញុំបានព្យាយាមលែងដៃពីគាត់ ប៉ុន្តែគាត់បានចាប់កាន់យ៉ាងតឹង ដូច្នេះហើយយើងក៏បានកាន់ដៃគ្នារហូតដល់ចុងបញ្ចប់នៃខ្សែភាពយន្ត។ នៅពេលនោះគាត់បានលែងដៃខ្ញុំ ហើយបានដើរចេញពីរោងកុនបាត់ទៅ។ សូម្បីមើលពីក្រោយក៏គាត់មើលទៅសង្ហា គាត់ប្រហែលជាមានកម្ពស់ ១៨៣សង់ទីម៉ែត្រ (១.៨៣ម៉ែត្រ) ដោយពាក់ខោខូវប៊យម៉ាក Levi និងអាវធំ ជាមួយនឹងស្បែកជើងម៉ាក Vans ។ ហេតុអ្វីម្នាក់ហ្នឹងមិនឱ្យខ្ញុំលេខទូរស័ព្ទមកខ្ញុំផងទៅ?» ។ នាងបានបានបញ្ជូនការប្រកាសនេះទៅឱ្យគណនី UTAR Confessions ដើម្បីរកមើលបុរសនោះ ដោយសារតែនាងហាក់បីដូចជាបាន Crush ទៅលើបុរសសង្ហាម្នាក់នោះ។ អ្នកលេងអ៊ិនធើណែតជាច្រើនបានរំភើបចិត្តដោយសាររឿងនេះ ហើយពួកគេបាននិយាយថា នាងប្រហែលជាគ្រាន់តែយល់សប្ដិប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយប្រហែលជា ១២ម៉ោង ក្រោយមក បុរសដែលនាងតាមរកប្រហែលជាបានទទួលដឹងការប្រកាសរបស់នាង ហើយនាងក៏បានសរសេរសារបង្ហោះជាលើក ទី២ ថា៖ «ខ្ញុំជានារីដែលបានមើល Aladdin ហើយក៏បានជួបបុរសសង្ហានៅជាប់ខ្ញុំរួចហើយដែរ។ សូមអរគុណចំពោះទំព័រនេះ ដែលអាចឱ្យខ្ញុំរកឃើញបុរសម្នាក់នោះ ព្រោះគាត់ក៏ជាម្នាក់ក្នុងចំណោមអ្នកចូល Like លើការបង្ហោះ ទី១ ផងដែរ។ យើងបានជជែកគ្នាអស់មួយសន្ទុះ ហើយបានបញ្ជាក់ថា យើងពិតជាបានអង្គុយនៅក្បែរគ្នានៅរោងកុន។ គាត់បានណាត់ខ្ញុំញ៉ាំអាហារ ហើយបានសម្រេចចិត្តថា យើងនឹងចាប់ផ្តើមទាក់ទងគ្នាជាមិត្តមុនសិន។ ខ្ញុំពិតជារីករាយណាស់ ដែលមិត្តរបស់ខ្ញុំសម្រេចចិត្តលុបចោលនៅនាទីចុងក្រោយ ដើម្បីខ្ញុំអាចមកជួបមិត្តថ្មីរបស់ខ្ញុំបាន» ៕


អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz