បុរសម្នាក់ស្លៀកពាក់សម្លៀកបំពាក់ក្នុងពិធីបុណ្យសព ដើម្បីទៅទារលុយពីកូនបំណុលដែលជាម្ចាស់ក្រុមហ៊ុន
ថ្មីៗនេះនៅក្នុងវីដេអូដែលត្រូវបានបង្ហោះលើ Facebook កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា បានបង្ហាញថា អ្នកប្រមូលលុយបំណុលម្នាក់គាត់បានពាក់សំលៀកបំពាក់ជាឈុតសម្រាប់ពិធីបុណ្យសពប្រពៃណីចិន ហើយបានទៅលុតជង្គង់នៅមុខការិយាល័យរបស់កូនបំណុលជាម្ចាស់ក្រុមហ៊ុនម្នាក់ ជាមួយនឹងពាក្យអង្វរស្រែកថា៖ «សូមមេត្តាសងលុយវិញមក!» ។ នៅក្នុងវីដេអូឃ្លីបនោះគាត់បានសួរកូនបំណុលម្តងហើយម្តងទៀតថា តើពួកគេនឹងសងប្រាក់មកវិញ ឬទេ? ហើយថែមទាំងព្រមានអ្នកផ្សេងកុំឱ្យធ្វើជំនួញជាមួយមនុស្សនៅក្រុមហ៊ុននេះទៀតផង។

បុរសចំណាស់រូបនេះបានស្មូតបទហែសពផងដែរ ខណៈសំដែងការអង្វរ និងសំណូមពរឱ្យម្ចាស់ក្រុមហ៊ុនចេញមកដោះស្រាយ។ អ្នកប្រមូលបំណុលចំណាស់ម្នាក់នេះត្រូវបានគេឱ្យដឹងថា មានវ័យ ៥៩ឆ្នាំ នេះបើយោងតាមការបង្ហើបរបស់កាសែត Lianhe Wanbao ។ គាត់ត្រូវបានជួលកាលពីពីរសប្តាហ៍មុន ដើម្បីដើរប្រមូលបំណុល ហើយក្រុមហ៊ុនដែលគាត់បានទៅទារលុយនេះ បានខ្ចីប្រាក់ចំនួន ១៧០,០០០ដុល្លារ ពីអតិថិជនរបស់គាត់ កាលពីប្រហែល ៣ឆ្នាំមុន និងមិនទាន់សងបំណុលវិញនៅឡើយរហូតដល់ពេលនេះ។
លោកធ្លាប់បានទៅសាកសួរការិយាល័យក្រុមហ៊ុននោះផងដែរកាលពីសប្តាហ៍មុន ដើម្បីពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយម្ចាស់ក្រុមហ៊ុនបានបដិសេធមិនព្រមជួបគាត់ ហើយថែមទាំងបានទូរស័ព្ទទៅប៉ូលិសទៀតផង។ ដោយគ្មានជម្រើសគាត់បានរកឃើញគំនិតចម្លែកនេះ ហើយក៏សម្រេចចិត្តអនុវត្តវាឡើងតែម្តងទៅ។ លោកក៏បានដាក់ពាក្យបណ្ដឹងពីរដងហើយដែរ ប៉ុន្តែក្រុមហ៊ុននេះនៅតែមិនទាន់បានបង់ប្រាក់នៅឡើយ។ ប្រភពដដែលក៏បានឱ្យដឹងផងដែរថា ម្ចាស់ក្រុមហ៊ុនដែលជាកូនបំណុលបានបដិសេធបញ្ហាការខ្ចីប្រាក់នេះ ហើយកំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហានេះ៕
អត្ថបទ៖ លីដា
ប្រភព៖ asiaone