មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី៖ ផ្លូវជាតិលេខ 76 ចន្លោះពីគីឡូម៉ែត្រលេខ 270 ដល់ 273 ត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ រហូតដល់មានការជូនដំណឹងជាថ្មី
(ខេត្តរតនគិរី)៖ តាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានបញ្ជាក់ឱ្យដឹងថា ផ្លូវជាតិលេខ 76 ចន្លោះពីគីឡូម៉ែត្រលេខ 270 ដល់ 273 ត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ រហូតដល់មានការជូនដំណឹងជាថ្មី។

ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹង ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវជាតិលេខ 76 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 270 ដល់ 273 ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។ ក្នុងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ជូនដំណឹងដល់សាធារណៈជនបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ ប្រភេទ មេត្តាជ្រាបថា៖ដោយសារស្ថានភាពអាកាសធាតុរដូវវស្សានេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យ ផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ ទឹកជន់លិចផ្លូវដោយកន្លែងពិបាកធ្វើ ចរាចរណ៍ អាស្រ័យហេតុនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សូមធ្វើការបិទចរាចរណ៍ ទាំងស្រុង ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ 76 ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៧០ ដល់ បង្គោលគីឡូម៉ែត្រលេខ២៧៣ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយ សុវត្ថិភាព។
ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សង្ឃឹម យ៉ាងមុតមាំថា សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការជាមួយយើងខ្ញុំ ដោយឈរលើស្មារតីទទួលខុសត្រូវ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់បានយូរអង្វែង៕



