តុលាការសម្រេចលើកពេលប្រកាសសាលក្រម សំណុំរឿង ចំប៉ីខ្មៅ ជេរប្រមាថពូជសាសន៍ខ្មែរ
កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ យិន ហេង (ហៅ ចំប៉ីខ្មៅ) ពាក់ព័ន្ធសំណុំរឿងញុះញង់ឲ្យមានការរើសអើង។ បន្ទាប់ពីសាកសួរដេញដោលអស់ជាច្រើនម៉ោង តុលាការបានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ។ នៅចំពោះមុខតុលាការ ជនជាប់ចោទឈ្មោះ យិន ហេង (ហៅ ចំប៉ីខ្មៅ) បានទទួលស្គាល់កំហុស និងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យមិនសមរម្យនាពេលកន្លងមក។
គួររម្លឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទ ឈ្មោះ យិន ហេង (ហៅ ចំប៉ីខ្មៅ) នៅក្នុងខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីជនជាប់ចោទរូបនេះបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល។ បន្ទាប់ពីសមត្ថកិច្ចបញ្ជូនទៅតុលាការ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមបទចោទ ញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ៕




ប្រភព៖ នគរបាលជាតិ
ដោយ៖ ណារ៉ែន