ក្រសួងការពារជាតិកម្ពុជា បដិសេធការចោទប្រកាន់របស់ភាគីថៃ រឿងបង្កហេតុនៅព្រំដែន
(រាជធានីភ្នំពេញ)៖ យោងងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងពារការជាតិ ចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទាំងស្រុងនូវការចោទប្រកាន់ពី កងទ័ពជើងគោកថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួន ដែលបានអះអាងថា កងកម្លាំងកម្ពុជាបានបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិភាគទី២។

តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងរបស់ខ្លួនមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេ។ សេចក្តីប្រកាសដដែលបានបន្ថែមថា កម្ពុជានៅតែបន្តគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ។
ជាមួយគ្នានេះ ក្រសួងការពារជាតិក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ ដោយក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខតែងតែធ្វើការជាមួយគ្នាជាប្រចាំដើម្បីផ្លាស់ប្តូរព័ត៌មាន និងបញ្ជាក់គ្នាទៅវិញទៅមក ដើម្បីចៀសវាងការយល់ច្រឡំ ឬភាពតានតឹងដែលមិនចាំបាច់។
សេចក្តីប្រកាសព័ត៌មាននេះធ្វើឡើងបន្ទាប់ពីផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយព័ត៌មានថា មានហេតុការណ៍ផ្ទុះអាវុធ និងសកម្មភាពគួរឱ្យសង្ស័យនៅតាមព្រំដែន ដែលពួកគេបានចោទថាជាទង្វើរបស់កងទ័ពកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន