អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប ចុះពិនិត្យស្ថានភាពទឹកស្ទឹង ផ្នែកខាងក្រោមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់
(ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោក ជា សុខនី អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប ទទួលបន្ទុកមុខព្រួញផ្លូវជាតិលេខ៥ នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប សហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹកស្ទឹងនៅផ្នែកខាងក្រោមតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

លោក ជា សុខនី បានលើកឡើងថា ក្រុមការងារបានចុះពិនិត្យនៅតាមបណ្ដាទីតាំង ចំណុចសំខាន់ៗមួយចំនួនដូចជា ពិនិត្យស្ថានភាពលំហូរទឹកស្ទឹងសំខាន់ៗនៅក្នងខេត្តពោធិ៍សាត់ ដែលហូរចាក់ទៅបឹងទន្លេសាប តានស្ទឹងពោធិ៍សាត់ ស្ថានភាពកម្ពស់ទឹកស្ថិតនៅពោះស្ទឹង ពិនិត្យ ស្ទឹងស្វាយដូនកែវ ស្ថានភាពកម្ពស់ទឹកស្ថិតនៅពោះស្ទឹង ពិនិត្យចំណុចធ្លាម្អម កម្ពស់ទឹកនៅមានសភាពធម្មតា ហើយក៏ធ្វើការធ្វើការពិនិត្យលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាស្ថិតនៅក្នុងតំបន់២ ដែលនាំឱ្យ មានផលប៉ះពាល់ដល់ចរន្តទឹកហូរចូលបឹងទន្លេសាប។
ចំណុចចុងក្រោយក្រុមការងារក៏បានចុះពិនិត្យ លើដែនវិសាលភាពទឹកបឹងទន្លេសាបឡើងលិច តំបន់២ និងតំបន់៣ នារដូវវស្សាឆ្នាំ ២០២៥ នេះ ក្នុងនោះតំបន់ទំនាបលិចទឹកស្ថិតក្នុង ឃុំកំពង់លួង ឃុំក្បាលត្រាច ស្រុកក្រគរ ឃុំកញ្ជរ ឃុំស្យា ស្រុកកណ្តៀង ឃុំមេទឹក និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ទឹកបានចូលដល់ក្នុងតំបន់២ និងមានកម្ពស់ចន្លោះពី ៤ ទៅ ៧សង់ទីម៉ែត្រ នៅតាមតំបន់៕


ប្រភព៖ ក្រសួងព័ត៌មាន