មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងសៀមរាប ត្រៀមលក្ខណៈបង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ដែលកើតពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត
(ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ តាមបណ្តោយដងស្ទឹងសៀមរាប ស្រុកបន្ទាយស្រី ត្រៀមលក្ខណៈបង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត។

ក្នុងសេចក្ដីជូនដំណឹងរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប យោងតាមការសង្កេត តាមដានស្ថានភាពធាតុអាកាស ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់របស់ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថាខេត្តសៀមរាប មានភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់ ទូទាំង ខេត្ត ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងជ្រលងនៃព្យុះទីហ្វុងប៊ូឡូយ លើកទី២០ ដែលបណ្តាល ឲ្យទឹកស្ទឹងសៀមរាប នៅភូមិសាស្ត្រស្រុកបន្ទាយស្រី ឡើងខ្ពស់ ៥,២០ម៉ែត្រ (ប្រកាសអាសន្ន ៦,០០ ម៉ែត្រ)។
ដោយផ្អែកតាមស្ថានភាពដូចបានជម្រាបជូនខាងលើនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាបដែលបានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយដងស្ទឹងសៀមរាប ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី មេត្តាត្រៀមលក្ខណៈបង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប នឹងបន្តការតាមដានសភាពការណ៍ធាតុអាកាស និង ជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប