ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមាជិកសភាសហរដ្ឋអាមេរិក ឯកឧត្ដម Adam Smith ដឹកនាំគណៈប្រតិភូសភាអាម៉េរិកនៅកម្ពុជា ដើម្បីជំរុញគោលដៅរួម របស់ប្រទេសទាំងពីរ

    BY soknita September 29, 2025
    សមាជិកសភាសហរដ្ឋអាមេរិក ឯកឧត្ដម Adam Smith ដឹកនាំគណៈប្រតិភូសភាអាម៉េរិកនៅកម្ពុជា ដើម្បីជំរុញគោលដៅរួម របស់ប្រទេសទាំងពីរ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមាជិកសភាសហរដ្ឋអាមេរិក ឯកឧត្ដម Adam Smith ដឹកនាំគណៈប្រតិភូសភាអាម៉េរិកនៅកម្ពុជា ដើម្បីជំរុញគោលដៅរួម របស់ប្រទេសទាំងពីរ។

    ឯកឧត្ដម Adam Smith សមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ ដែលជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការកងទ័ព សភាសហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូសភា មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី ២៦ និង ២៧ ខែកញ្ញា ឆ្នាំ ២០២៥ ដើម្បីពង្រឹងភាពជាដៃគូរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជា និងជំរុញអាទិភាពរួមសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឱ្យមានសុវត្ថិភាព និងភាពរឹងមាំ។

    គណៈប្រតិភូនេះ រួមមានសមាជិកសភា ឯកឧត្ដម Michael Baumgartner (គណបក្សសាធារណរដ្ឋ) មកពីគណៈកម្មាធិការកិច្ចការបរទេស សមាជិកសភា ឯកឧត្ដម Chrissy Houlahan (គណបក្សប្រជាធិបតេយ្យ) មកពីគណៈកម្មាធិការសេវាកងទ័ព ឯកឧត្ដម Brian Garrett ប្រធានផ្នែកបុគ្គលិកសំឡេងភាគតិច ក្នុងគណៈកម្មាធិការកងទ័ព លោក Mark Morehouse លោក Michael Hermann បុគ្គលិកអាជីពនៃគណៈកម្មាធិការកងទ័ព លោកស្រី Catalina Delgado និង លោក Harris Laughrey កងទ័ពម៉ារីនអាម៉េរិក មកពីផ្នែកទំនាក់ទំនងនីតិកម្មក្នុងសភា ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

    ដំណើរទស្សនកិច្ចនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរឹងមាំ ជាមួយកម្ពុជា ដោយដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ស្ថិរភាពតំបន់ និងកិច្ចសហការប្រតិបត្តិការផ្នែកសន្តិសុខ។ គណៈប្រតិភូបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការគោរពនូវបទឈប់បាញ់លើជម្លោះព្រំដែន និងប្រែក្លាយឱ្យទៅជាសន្តិភាពរឹងមាំ និងយូរអង្វែង។

    លោកស្រីភារធារីស្ថានទូតអាមេរិក Bridgette Walker បានមានប្រសាសន៍ថា៖ «ទស្សនកិច្ចនេះរបស់គណៈប្រតិភូ បញ្ជាក់ពីការប្តេជ្ញាចិត្តដោយឥតងាករេរបស់សហរដ្ឋអាមេរិក ក្នុងការកសាងអនាគតមួយរឹងមាំ មានសុវត្ថិភាព និងវិបុលភាព សម្រាប់ប្រទេសទាំងពីររបស់យើង។ កម្ពុជាជាដៃគូសំខាន់ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយការពិភាក្សារបស់យើងផ្តោតលើការជំរុញគោលដៅរួម ដែលរួមមានសន្តិសុខតំបន់ ការលូតលាស់សេដ្ឋកិច្ច និងការលើកស្ទួយគុណតម្លៃរួម»។

    ក្នុងពេលទស្សនកិច្ច គណៈប្រតិភូបានជួបប្រជុំជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

    គណៈប្រតិភូក៏បានពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញផងដែរ។ សមាជិកសភា ឯកឧត្ដម Smith និងគណៈប្រតិភូក៏បានជួបជាមួយសហគមន៍អ្នកជំនួញអាម៉េរិកនៅកម្ពុជាផងដែរ ដើម្បីស្វែងយល់ឱកាសក្នុងការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

    សូមជម្រាបជូនថា វិស័យផ្តោតសំខាន់ៗនៅក្នុងទស្សនកិច្ចរួមមាន៖ សន្តិភាព និងសន្តិសុខតំបន់៖ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមរួម ដែលមានដូចជាសន្តិសុខលំហសមុទ្រ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការធានាថាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានសេរីភាព និងបើកចំហ។

    ការងារកម្ចាត់មីន និងការងារផ្នែកមនុស្សធម៌៖ សហរដ្ឋអាមេរិក គាំទ្រដល់ការប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតមីន ដើម្បីធ្វើឱ្យដីមានសុវត្ថិភាពសម្រាប់ ក្រុមគ្រួសារនៃប្រជាជនកម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ គណៈប្រតិភូ បានទស្សនាវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន នៅក្នុងខេត្តកំពង់ឆ្នាំង។ កំណើនសេដ្ឋកិច្ច៖ បង្កើនឱកាសពាណិជ្ជកម្ម និងការវិនិយោគដែលបង្កើតការងារ និងជំរុញឱ្យមានវិបុលភាពសម្រាប់ប្រទេសទាំងពីរ ដោយរួមមានការពិភាក្សាជាមួយមន្ត្រីកម្ពុជា សហគមន៍នៃអ្នកជំនួញអាម៉េរិក និងសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: