ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ានចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យទេសចរណ៍

    BY soknita September 30, 2025
    សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ានចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យទេសចរណ៍

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ានចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យទេសចរណ៍។

    ចំពោះទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអនុញ្ញាតជូន DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

    នៅក្នុងជំនួបនេះ វិស័យឯកជនកម្ពុជាក្នុងឧស្សាហកម្មទេសចរណ៍ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន បានចែករំលែកអំពីគំនិតផ្តួចផ្តើមដែលជាធាតុចូលមានសារៈសំខាន់នៅក្នុងការពង្រឹងទេសចរណ៍មូស្លីម និងឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

    ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសការវិនិយោគផ្ទាល់ពីបរទេស។

    ជាលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបនេះ, ក្រោមការសម្របសម្រួលពីក្រសួងទេសចរណ៍, សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានឯកភាពក្នុងការនាំសមាជិករបស់ខ្លួនពី ៥០ ទៅ ១០០ក្រុមហ៊ុនដែលប្រកបរបរអាជីវកម្មលើវិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន បច្ចេកវិទ្យា ការបង្ហាញម៉ូត និងសេវាកម្មផ្សេងៗទៀត ទៅទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។ ជាមួយគ្នានេះសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន ដើម្បីជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍បន្ថែមទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: