រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ តាមរយៈការដាក់ចេញផែនការអភិវឌ្ឍទេសចរណ៍មូស្លីម (២០២៣-២០២៧) និងស្តង់ដាមូស្លីមហ្រែនលី កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរពីម៉ាឡាកា ពិសេសទេសចរណ៍មូស្លីម
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ បានបញ្ជាក់ថា តាមរយៈការដាក់ចេញផែនការអភិវឌ្ឍទេសចរណ៍មូស្លីម (២០២៣-២០២៧) និងស្តង់ដាមូស្លីមហ្រែនលី កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរពីម៉ាឡាកា ពិសេសទេសចរណ៍មូស្លីម។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម YAB Datuk Seri Utama Ab Rauf Bin Yusoh, Chief Minister of Melaka ដោយទទួលលទ្ធផលផ្លែផ្កាជាច្រើន ក្នុងនោះមានជាអាទិ៍ ពង្រឹងកិច្ច សហប្រតិបត្តិការលើការងារទេសចរណ៍មូស្លីម, ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ម៉ាឡាកានិងកម្ពុជា ព្រមទាំងជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាដោយមានការលើកទឹកចិត្តនិងមានភាពទាក់ទាញ។
ជំនួបនេះ បានធ្វើឡើងនៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ម្សិលមិញនេះ។
ដោយសារទីក្រុងម៉ាឡាកា ជាទីក្រុងប្រវត្តិសាស្ត្រ និងបានដាក់បញ្ចូលក្នុងតំបន់បេតិកភណ្ឌពិភពលោក, ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងស្នើឱ្យមានការចែករំលែកបទពិសោធល្អៗក្នុងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ និងទេសចរណ៍ទីក្រុង។
ភាគីកម្ពុជា បានជម្រាបជូនថា តាមរយៈការដាក់ចេញផែនការអភិវឌ្ឍទេសចរណ៍មូស្លីម (២០២៣-២០២៧) និងស្តង់ដាមូស្លីមហ្រែនលី កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរពីម៉ាឡាកា ពិសេសទេសចរណ៍មូស្លីម។
សូមបញ្ជាក់ជូនថានៅម៉ាឡេស៊ី, Chief Minister of Melaka មានតួនាទីជាប្រមុខរាជរដ្ឋាភិបាលនៅរដ្ឋម៉ាឡាកា ប្រទេសម៉ាឡេស៊ី ដែលគ្រប់គ្រងអំណាចនីតិប្រតិបត្តិនៅក្នុងរដ្ឋម៉ាឡាកា៕






ប្រភព៖ ក្រសួងព័ត៌មាន