អង្គការ Wildlife រកឃើញចំនួនទន្សោងមួយចំនួនធំគួរឱ្យកត់សម្គាល់
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ថា អង្គការ Wildlife រកឃើញចំនួនទន្សោងមួយចំនួនធំគួរឱ្យកត់សម្គាល់។ ក្នុងអំឡុងពេលសិក្សាអំពីទន្សោងតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ក្រុមការងារគាំទ្រការអភិរក្សសហគមន៍ (CCS) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife បានរកឃើញចំនួនទន្សោងមួយចំនួនធំគួរឱ្យកត់សម្គាល់ ទោះជាយ៉ាងណាក៏អង្គការ Wildlife មិនបានប្រាប់ពីទីតាំងរកឃើញនោះឡើយ ដើម្បីការពារសុវត្ថភាពរបស់សត្វទាំងនោះ។ នេះបើតាមការបញ្ជាក់ពីអង្គការ Wildlife នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥។

ការរកឃើញនេះជាសញ្ញានាំមកនូវក្តីសង្ឃឹមថ្មីអំពីនិរន្តភាពនៃចំនួនសត្វព្រៃក្នុងប្រទេសកម្ពុជា ដែលកំពុងរងគ្រោះជិតផុតពូជនេះ ទំនងមានការកើនឡើងវិញ។ ទន្សោង ត្រូវបានចាត់ទុកជាសត្វព្រៃកំពុងរងគ្រោះជិតផុតពូជខ្លាំងបំផុត ក្នុងបញ្ជីក្រហមរបស់ IUCN ដោយចំនួននៃប្រភេទនេះបានថយចុះជាង ៥០ភាគរយ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។ ការប្រមាញ់ខុសច្បាប់ (សម្រាប់ធ្វើជាអាហារ ការកម្សាន្ត និងយកស្នែង) ការបាត់បង់ និងការបែកខ្ញែកទីជម្រក និងភាពងាយរងជំងឺនានា គឺជាកត្តាហានិភ័យធំៗដែលបង្កការគំរាមកំហែងនៅទូទាំងតំបន់ដែលប្រភេទនេះកំពុងរស់នៅ។ ថ្លុកទឹកធម្មជាតិ ជាកន្លែងផ្គត់ផ្គង់ជាតិទឹកនៅពេលទឹករីងស្ងួត ប៉ុន្តែអាងសិប្បនិម្មិតដែលក្រុមការងារបានបង្កើត ធានាផ្គត់ផ្គង់ទឹកសម្រាប់សត្វព្រៃទាំងអស់នៅគ្រប់រដូវកាល៕


ប្រភព៖ ក្រសួងព័ត៌មាន