ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតនាយករដ្ឋមន្ត្រីថៃលោក អាប់ភីស៊ីត វេចាជីវ៉ា លាលែងពីតំណែងជាសមាជិកសភាតាមការសន្យានៅថ្ងៃនេះ

    BY autoadmin June 5, 2019
    អតីតនាយករដ្ឋមន្ត្រីថៃលោក អាប់ភីស៊ីត វេចាជីវ៉ា លាលែងពីតំណែងជាសមាជិកសភាតាមការសន្យានៅថ្ងៃនេះ

    អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យលោក អាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) បានប្រកាសលាលែងពីតំណែងជាសមាជិកសភា ដោយនិយាយថា លោកមិនលេបសម្តីរបស់ខ្លួន និងធ្វើតាមដំណោះស្រាយរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីគាំទ្រឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ជានាយករដ្ឋមន្ត្រីថ្មី។ លោកបានប្រកាសការលាលែងនេះចំពេលមានការបោះឆ្នោតសម្រាប់នាយករដ្ឋមន្ត្រីថ្មីក្នុងថ្ងៃនេះ ឥឡូវនេះវាកាន់តែមានភាពងាយស្រួលសម្រាប់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យបានគាំទ្រពួកគាត់ តាមពីក្រោយគណបក្ស Palang Pracharat កាលពីយប់មិញ។

    លោក អាប់ភីស៊ីត បាននិយាយថា មុនពេលបោះឆ្នោតលោកបានប្រកាសគោលនយោបាយរបស់លោកថា មិនគាំទ្រលោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីក្នុងនាមជាអតីតមេដឹកនាំប្រជាធិបតេយ្យ។ លោកបាននិយាយនៅក្នុងអត្ថបទកាសែតបាងកកប៉ុស្តិ៍ថា ៖ «ខ្ញុំមិនអាចចូលរួមប្រជុំនៅថ្ងៃនេះ និងប្រឆាំងនឹងដំណោះស្រាយរបស់គណបក្ស ដែលគាំទ្រលោកឧត្តមសេនីយ៍ ប្រាយុទ្ធ នោះទេ។ នោះមានន័យថា ខ្ញុំនឹងមិនលេបសម្តីរបស់ខ្ញុំទេ ថ្ងៃនេះខ្ញុំមានជម្រើសតែមួយគត់ដើម្បីការពារភាពថ្លៃថ្នូររបស់ខ្ញុំ និងគណបក្សរបស់ខ្ញុំ នោះគឺខ្ញុំត្រូវរក្សាការសន្យានេះ» ។

    លោកបន្តថា៖ «នៅក្នុងអាជីពនយោបាយ ខ្ញុំប្រកាន់ខ្ជាប់នូវអុត្តមគតិ និងគោលការណ៍ ពីព្រោះពួកគេអាចបង្កើតសុភមង្គលយូរអង្វែងសម្រាប់ប្រជាជន។ ដូច្នេះខ្ញុំនឹងលាលែងពីតំណែងជាសមាជិកសភាចាប់ពីពេលនេះទៅ»។ លោក អាប់ភីស៊ីត និយាយថា លោកបានច្រានចោលសំណើរបស់គណបក្សប្រជាធិបតេយ្យកាលពីយប់ម៉ិញ ដែលឱ្យលោកចូលរួមបោះឆ្នោតអនុប្បវាទសម្រាប់នាយករដ្ឋមន្ត្រីថ្មី៕

    អត្ថបទ៖ លីដា
    ប្រភព៖ thethaiger

    Share This Post: