ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី នឹងសហការជិតស្និទ្ធជាមួយវិស័យឯកជនកម្ពុជាក្នុងវិស័យទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ កម្ពុជា ម៉ាឡេស៊ី

    BY soknita September 30, 2025
    សមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី នឹងសហការជិតស្និទ្ធជាមួយវិស័យឯកជនកម្ពុជាក្នុងវិស័យទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ កម្ពុជា ម៉ាឡេស៊ី

    (ប្រទេសម៉ាឡេស៊ី)៖ តាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៌ នៅល្ងាចថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា សមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី នឹងសហការជិតស្និទ្ធជាមួយវិស័យឯកជនកម្ពុជាក្នុងវិស័យទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ កម្ពុជា ម៉ាឡេស៊ី។

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន Dato’ Dr. Mohd Khalid Harun, ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី (Malaysia Tourism Agency Association, MATA) និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ វិស័យឯកជនកម្ពុជាក្នុងឧស្សាហកម្មទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី បានចែករំលែកអំពីគំនិតផ្តួចផ្តើមដែលជាធាតុចូលមានសារៈសំខាន់នៅក្នុងការអភិវឌ្ឍទេសចរណ៍មូស្លីម, ទេសចរណ៍ម្ហូបអាហារ (ហាឡាល់) ទេសចរណ៍ MICE និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍មូស្លីមធំៗ។

    ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះនិងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរនិងវិនិយោគិន។ ជាលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបនេះ សមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី នឹងជួយគាំទ្រកម្ពុជាក្នុងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយដល់ទីផ្សារមូស្លីមតាមរយៈព្រឹត្តិការណ៍អន្តរជាតិធំៗ ដូចជាពិពណ៌ទេសចរណ៍និងពាណិជ្ជកម្មអ៊ីស្លាមពិភពលោក (World Islamic Tourism & Trade Expo.) ព្រមទាំងនាំសមាជិករបស់ខ្លួនទៅកម្ពុជា ដើម្បីចាប់ផ្តើមបង្កើតកញ្ចប់ទស្សនកិច្ចពិសេសសម្រាប់ទេសចរណ៍ម៉ាឡេស៊ី។ សូមបញ្ជាក់ជូនថា សមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី មានសមាជិកចំនួន ១៧០០ក្រុមហ៊ុន៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post: