អភិបាលខេត្តបាត់ដំបង ណែនាំឱ្យអាជ្ញាធរ បន្ដទប់ស្កាត់ការជួ-ញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតមានសារធាតុញៀន ចេញពីសហគមន៍
(ខេត្តបាត់ដំបង)៖ តាមការចុះផ្សាយពី រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តបាត់ដំបង ណែនាំឱ្យអាជ្ញាធរ បន្ដទប់ស្កាត់ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែកបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងខិតខំបង្រ្កាប ទប់ស្កាត់ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ល្បែងស៊ីសង ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនពីសហគមន៍ ការបង្ក្រាបការឆ្លងដែន មនុស្ស និងទំនិញ ខុសច្បាប់តាមព្រំដែន។
ការណែនាំរបស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើឡើងនាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោក អភិបាល ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម សុខ លូ បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក មន្រ្តីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់បានជ្រាប និងអញ្ជើញចូលរួម «ពិធីបុណ្យកឋិនសាមគ្គីរបស់រដ្ឋបាលខេត្តបាត់ដំបង» នៅថ្ងៃ១៥កើត-១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៧ និង ៨ ខែតុលា ឆ្នាំ ២០២៥ ឆាប់ៗខាងមុខនេះ។ ដោយនឹងការដង្ហែវេរទៅប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា «វត្តព្រះពុទ្ធជ័យមង្គល ហៅវត្តបត់សាលា »ស្ថិតនៅក្នុង ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីប្រមូលបច្ច័យកសាងវត្ត។
ឯកឧត្តម សុខ លូ បានណែនាំបន្ថែមដល់ការរៀបចំបញ្ជីឈ្មោះពលករដែលចំណាកស្រុកវិលពីប្រទេសថៃវិញ របស់រដ្ឋបាលក្រុង ស្រុកទាំង១៤។ ការងារត្រៀមបង្ការគ្រោះមហន្តរាយ ដោយស្ថានភាពទឹកជំនន់ និងការត្រៀមសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះដំណាំផ្សេងៗផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង