«សួនតេជោសន្តិភាព» ក្រុងបាត់ដំបង នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា ចំពោះ «សួនតេជោសន្តិភាព» ជាសមិទ្ធិផលិតផលថ្មីមួយបន្ថែមទៀតរបស់ខេត្តបាត់ដំបង មានទីតាំង លាតសន្ធឹងតាមប្របមាត់ស្ទឹងសសង្កែត្រើយខាងកើត ចន្លោះស្ពានថ្មថ្មី រហូតដល់ស្ពានសម្តេច ក្រឡាហោមសខេង (អតីតស្ពានដែកចាស់) កំពុងទាក់ទាញប្រជាពលរដ្ឋមកហាត់ប្រាណ ស្រូបខ្សល់ អាកាសយ៉ាងច្រើន និងកំពុងលើកសម្រស់ក្រុងផងដែរ។

បើតាមរដ្ឋបាលខេត្តបាត់ដំបង «សួនតេជោសន្តិភាព» បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែលគ្រោងមានផ្លូវថ្មើរជើង ផ្លូវជិះកង់ ជាកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស ហាត់ប្រាណ និងប្រែក្លាយក្រុងបាត់ដំបងជាទីក្រុងវៃឆ្លាតអាស៊ាន មានបរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ ដែលបច្ចុប្បន្ននេះកំពុងសាងសង់ជិតរួច១០០ភាគរយហើយ។ ក្នុងអំឡុងពេលសាងសង់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងតែងតែដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ សួននេះជាបន្តបន្ទាប់ ។
ជាក់ស្តែងនៅរសៀលថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាព “សួនតេជោសន្តិភាព” ក្រុងបាត់ដំបង និងអញ្ជើញពិនិត្យនៅទីតាំងផ្សេងៗទៀត ដូចជាកំណាត់ផ្លូវត្រូវពង្រីកបន្ថែម និងបរិវេណរមនីយដ្ឋានភ្នំសំពៅជាដើម។ បើតាមមន្រ្តីជំនាញ សួនតេជោសន្តិភាព ខេត្តបាត់ដំបង សាងសង់ឡើងក្នុងសណ្ឋានទម្រង់រាងគូទខ្យងលើផ្ទៃក្រឡា២៩ម៉ែត្រ គុណនឹង២៣ម៉ែត្រ មានកម្ពស់ជាង៩ម៉ែត្រ ៩តឹក ។
សួនតេជោសន្តិភាពបែងចែកជា៣ផ្នែកសំខាន់ៗរួមមាន៖ ផ្នែកទី១ បរិវេណខាងក្រៅជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង ផ្នែកទី២សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាបទវិមានឈ្នះឈ្នះ សរុប១៨ផ្ទាំង ផ្នែកទី៣ ស្នូលកណ្តាលដែលជាពូលនៃសួន រៀបចំសាងសង់ឡើងជារូបដែលបែងចែកជា៣ថ្នាក់ដូចជា៖
ទី១ មាន៣ជ្រុងតំណាងឱ្យការធានា៣យ៉ាង
ទី២៖ មាន៥ជ្រុងតំណាងឱ្យយុទ្ធសាស្ត្រឌីហ្វីដ(DIFID)
ទី៣៖ មាន៧ជ្រុងតំណាងឱ្យកត្តាទាំង៧ ដែលនាំមកនូវជ័យជម្នះ៕





ប្រភព៖ ក្រសួងព័ត៌មាន