ជប៉ុនផ្តល់ជំនួយឥតសំណងជាង២៦ម៉ឺនដុល្លារ សម្រាប់គម្រោងចំនួនពីរនៅខេត្តស្វាយរៀងនិងកំពង់ស្ពឺ
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កិច្ចសន្យាផ្តល់ជំនួយឥតសំណងគូសាណូណិសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនៃប្រទេសជប៉ុនដែលមានទំហំទឹកប្រាក់ចំនួន២៦៧.៣៨៤ ដុល្លារអាម៉េរិកសម្រាប់អនុវត្តលើគម្រោងចំនួនពីរនៅខេត្តកំពង់ស្ពឺ និងស្វាយរៀង ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក ថោង អ៊ុំវ៉ារិន ប្រធានស្ដីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

គម្រោងទាំងពីរដែលទទួលបាននូវជំនួយឥតសំណងគូសាណូណិ គឺគម្រោងទី១ អនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នូវថវិកាចំនួន ១២៦.៧១០ ដុល្លារសម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ស្ពឺ។ ប្រព័ន្ធធារាសាស្ត្រដែលបានកែលម្អទាំងនេះមិនត្រឹមតែចូលរួមចំណែកក្នុងការធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនជាង ៤.០០០នាក់និងបង្កើនប្រាក់ចំណូលរបស់កសិករផងដែរ។
សម្រាប់គម្រោងទី២ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៤០.៦៧៤ ដុល្លារដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ស្ពាននេះនឹងជួយសម្រួលដល់ ការដឹកជញ្ជូនកសិផល ហើយនឹងផ្ដល់ឱ្យប្រជាជនមូលដ្ឋានប្រមាណ ៥.០០០នាក់ នូវផ្លូវធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជាដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន។ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុន បានអនុវត្តជាង ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូណិ។
ក្នុងពិធីចុះហត្ថលេខាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់ថា “យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន៕




ប្រភព៖ ក្រសួងព័ត៌មាន