អាជ្ញាធរផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ត្រង់គីឡូម៉ែត្រ០៤+០០០ ដល់គីឡូម៉ែត្រ ១០+៤២៥ បន្ទាប់ពីមានការហូរច្រោះដាច់ផ្លូវ
(ខេត្តព្រៃវែង)៖ នៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចាប់ពីកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគីឡូម៉ែត្រ០៤+០០០ ដល់ចំណុចគីឡូម៉ែត្រ១០+៤២៥ ដែលស្ថិតនៅភូមិតាំងស្លាយ ត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី។

ក្នុងសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានបន្ថែមឱ្យដឹងថា ចំពោះការផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគីឡូម៉ែត្រ០៤+០០០ ដល់ចំណុចគីឡូម៉ែត្រ១០+៤២៥ ចាប់ពីភូមិតាំងស្លាយ ឃុំរកា ដល់ ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ោ្យបានជ្រាបថា ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្តាល ឱ្យប៉ះពាល់កំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែល ស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់មានសភាពហូរច្រោះ និងកាត់ផ្តាច់ មិនអាចធ្វើចរាចរណ៍បាន។ ដើម្បីធានា សុវត្ថិភាពក្នុងការធ្វើដំណើរ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍ ទាំងស្រុង ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ នៅទីតាំងខាងលើ ចាប់ពីថ្ងៃជូនដំណឹង នេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី៕






ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន