ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ និងពិន័យជាអន្តរការណ៍ចំពោះក្រុមហ៊ុនធ្ងន់ធ្ងរមួយ ដែលបានប្រព្រឹត្តល្មើសច្បាប់ដោយធ្វើការដុតកម្ទេចក្រណាត់ និងបំពុលខ្យល់
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះលើផេកផ្លុវការរបស់ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ និងពិន័យជាអន្តរការណ៍ធ្ងន់ធ្ងរចំពោះក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ដែលបានប្រព្រឹត្តល្មើសច្បាប់ដោយធ្វើការដុតកម្ទេចក្រណាត់ និងបំពុលខ្យល់។

ដោយយោងតាមការរបស់ ឯកឧត្តម ង៉ូវ បូរីណា បានបញ្ជាក់ថា ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី បានចុះត្រួតពិនិត្យនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ និងរកឃើញជាក់ស្ដែងថាក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តល្មើសច្បាប់ដោយធ្វើការ ដុតកម្ទេចសំណល់ក្រណាត់ ក្នុងឡចំហាយ និងមិនបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន។
ចំពោះការធ្វើតេស្ដសារធាតុបំពុលខ្យល់ពីបំពង់ផ្សែងឡចំហាយ ដោយប្រើប្រាស់ឧបករណ៍ Testo 350 បានរកឃើញកម្រិតសារធាតុស្ពាន់ធ័រឌីអុកស៊ីត ($\text{SO}_2$) ដល់ ៧២០ppm ដែលលើសពីស្ដង់ដាបញ្ចេញអនុញ្ញាត (៥០០ppm); ករណីនេះល្មើសនឹងមាត្រា១៥៦ និងមាត្រា៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ក្រុមការងារក៏បានរកឃើញសំណល់កម្ទេចក្រណាត់លាយផេះនៅមាត់ឡចំហាយ និងកន្លែងស្តុកកម្ទេចក្រណាត់ជាប់បន្ទប់ដាក់ឡចំហាយ។
វិធានការច្បាប់ចំពោះមុខដែលក្រសួងបានដាក់ចេញរួមមាន៖
១. ហាមដាច់ខាត ដល់ក្រុមហ៊ុនមិនឱ្យយកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ ទោះក្នុងករណីណាក៏ដោយ។
២. ក្រុមហ៊ុនត្រូវរង ពិន័យអន្តរការណ៍ ករណីល្មើសមាត្រា១៥៦ និងមាត្រា៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
៣. ក្រុមហ៊ុនត្រូវបង់ សំណងខូចខាតប៉ះពាល់បរិស្ថាន
៤. ឡចំហាយត្រូវដំណើរការ ប្រព័ន្ធចម្រោះសម្អាតផ្សែង ឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ៕

ប្រភព៖ ង៉ូវ បូរីណា Ngauv Borina