ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា៖ ការបើកដំណើរការជើងហោះហើរត្រង់ពីប្រទេសអារ៉ាប់រួម មកកាន់កម្ពុជា នឹងបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរមកពីមជ្ឈឹមបូព៌ាកាន់តែច្រើនថែមទៀត

    BY SOMATEY October 7, 2025
    ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា៖ ការបើកដំណើរការជើងហោះហើរត្រង់ពីប្រទេសអារ៉ាប់រួម មកកាន់កម្ពុជា នឹងបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរមកពីមជ្ឈឹមបូព៌ាកាន់តែច្រើនថែមទៀត

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ថា ការបើកដំណើរការជើងហោះហើរត្រង់ជាលើកដំបូង មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់ព្រះរាជាណាចក្រកម្ពុជា និងជះឥទ្ធិពលវិជ្ជមាន និងបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរមកពីមជ្ឈឹមបូព៌ាក៏ដូចជាភ្ញៀវទេសចរពីប្រទេសនានាដែលចង់មកកម្សាន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។

    ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា ការបើកដំណើរការជើងហោះហើរត្រង់របស់ Etihad Airway នឹងជះផលវិជ្ជមានដែលនឹងជំរុញដល់វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង។ លោកជំទាវបញ្ជាក់ថា តួយ៉ាងការតភ្ជាប់ជើងហោះហើរនេះ នឹងបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរមកពីមជ្ឈឹមបូព៌ាក៏ដូចជាភ្ញៀវទេសចរពីប្រទេសនានាដែលចង់មកកម្សាន្តនៅក្នុងប្រទេសកម្ពុជា ដោយពួកគេពុំចាំបាច់ឆ្លងកាត់ប្រទេសដទៃទៀតទេ ពោលគឺធ្វើដំណើរត្រង់ចូលមកកម្ពុជាតែម្តង។

    លោកជំទាវបានថ្លែងបញ្ជាក់ថា៖ «គោលដៅទេសចរណ៍សម្រាប់ភ្ញៀវពីមជ្ឈឹមបូព៌ា មួយចំនួនរួមមាន ប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប ដែលជាដួងព្រលឹងនៃកម្ពុជា ទីក្រុងភ្នំពេញ បេះដូងនៃប្រទេសកម្ពុជា ជាទេសចរណ៍អាជីវកម្ម សេដ្ឋកិច្ច និងទស្សនកិច្ចផ្លូវរដ្ឋ និងជាពិសេសតំបន់ឆ្នេរនៅភូមិភាគនិរតី នៃកម្ពុជា ដែលមានឆ្នេរខ្សាច់ និងសមុទ្រគួរជាទីទាក់ទាញ»។

    ជាមួយគ្នានេះ លោកជំទាវប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបន្ថែមថា កន្លងមកភ្ញៀវទេសចរមកពីមជ្ឈឹមបូព៌ា គឺមានចំនួនតិចតួចមែនទែន ហើយលោកជំទាវសង្ឃឹមថា ការបើកដំណើរការជើងហោះហើរផ្ទាល់នេះ រួមជាមួយនឹងការព្យាយាមផ្សព្វផ្សាយពីក្រសួងទេសចរណ៍ និងស្ថាប័នគ្រប់ផ្នែកទាំងអស់ នឹងជួយទាក់ទាញភ្ញៀវទេសចរពីតំបន់មជ្ឈឹមបូព៌ាក៏ដូចជាពីតំបន់ផ្សេងទៀតមកកម្ពុជាឱ្យកាន់តែច្រើនផងដែរ។

    ក្នុងឱកាសអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways ដែលបានសម្រេចបើកជើងហោះហើរត្រង់ជាលើកដំបូង មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់ព្រះរាជាណាចក្រកម្ពុជា ចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាត់ទុកថា នេះសបញ្ជាក់ឱ្យឃើញពីការចាប់ផ្តើមប្រតិបត្តិការហោះហើរភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងភ្ជាប់ពិភពលោកមកកាន់កម្ពុជា ហើយកម្ពុជាកំពុងសាទរចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការតភ្ជាប់ជើងហោះកម្រិតពិភពលោកនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់នូវកំណើនភ្ញៀវទេសចរមកកាន់កម្ពុជា ជាពិសេសពិតជាឆ្លើយតបទៅនឹងការជឿនលឿនយ៉ាងឆាប់រហ័សក្នុងវិស័យអាកាសចរណ៍របស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ក្នុងន័យនេះបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។

    យោងតាមក្រុមហ៊ុន Etihad Airways (Cambodia) បានឱ្យដឹងថា ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways បានតភ្ជាប់ជើងហោះហើរត្រង់ជាលើកដំបូង ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ ដោយទទួលបានអ្នកដំណើរសរុបចំនួន ១៥៤ នាក់ និងអ្នកដំណើរដែលអញ្ជើញត្រឡប់ទៅវិញចំនួន ៩០នាក់ ដែលចំណាយពេលជាង ៧ម៉ោង មិនឈប់ ហើយជើងហោះហើរនេះមាន ៤ជើង ក្នុងមួយសប្តាហ៍៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: