អាមេរិកកំពុងបញ្ឆេះចិន ដោយត្រៀមខ្លួនលក់គ្រឿងសភាវុធតម្លៃ ២ពាន់លានដុល្លារ ឱ្យទៅកោះតៃវ៉ាន់
សហរដ្ឋអាមេរិកកំពុងស្វែងរកការលក់រថក្រោះ និងអាវុធ ដែលមានតម្លៃជាង ២ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ដែលនេះហាក់ដូចជាការបង្កកំហឹងទៅឱ្យប្រទេសចិន ខណៈសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅតែបន្តតឹងសរសៃកដាក់គ្នា។ ទាកទិននឹងបញ្ហានេះ មានប្រភពចំនួន ៣ បាននិយាយថា ការលក់គ្រឿងសភាវុធរួមមាន៖ រថក្រោះ General Dynamics Corp M1A2 Abrams ចំនួន ១០៨គ្រឿង ដែលមានតម្លៃប្រហែល ២ពាន់លានដុល្លារ ព្រមទាំងគ្រាប់បែកប្រឆាំងរថក្រោះ និងប្រឆាំងយន្តហោះផងដែរ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតៃវ៉ាន់បានចាប់អារម្មណ៍ក្នុងការពង្រឹងឃ្លាំងស្តុករថពាសដែកដែលមានស្រាប់នៅសហរដ្ឋអាមេរិកឡើងវិញ ដែលរួមមានទាំងរថក្រោះ M60 Patton ផងដែរ។ សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធតែមួយគត់ទៅតៃវ៉ាន់ ដែលប្រទេសចិនយល់ថា ខ្លួនជាម្ចាស់របស់កោះនេះ ហើយមិនដែលលះបង់ការប្រើប្រាស់កងកម្លាំង ដើម្បីនាំយកកោះមកគ្រប់គ្រងវិញនោះទេ។
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់បាននិយាយកាលពី ខែមីនា ថា សហរដ្ឋអាមេរិកបានឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់តៃប៉ិ សម្រាប់ការលក់អាវុធថ្មី ដើម្បីបង្កើនការការពាររបស់ខ្លួននៅក្នុងការប្រឈមនឹងសម្ពាធពីប្រទេសចិន។ សហរដ្ឋអាមេរិកមិនមានចំណងផ្លូវការជាមួយកោះតៃវ៉ាន់នោះទេ ប៉ុន្តែត្រូវបានចងភ្ជាប់ដោយច្បាប់ ដើម្បីជួយផ្តល់ឱ្យតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ Todayonline