ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជន រម៉ាស់ គ្វេន ធ្វើដំណើរថ្មើរជើងចេញពីរាជធានីភ្នំពេញ មកដល់ខេត្តរតនគិរី ក្នុងចម្ងាយផ្លូវ៥៨៨គីឡូម៉ែត្រ ដោយជោគជ័យ ក្នុងរយៈពេល១២ថ្ងៃ

    BY Naren October 8, 2025
    យុវជន រម៉ាស់ គ្វេន ធ្វើដំណើរថ្មើរជើងចេញពីរាជធានីភ្នំពេញ មកដល់ខេត្តរតនគិរី ក្នុងចម្ងាយផ្លូវ៥៨៨គីឡូម៉ែត្រ ដោយជោគជ័យ ក្នុងរយៈពេល១២ថ្ងៃ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន យុវជន រម៉ាស់ គ្វេន បានធ្វើដំណើរដោយថ្មើរជើង ពីរាជធានីភ្នំពេញ និងមកដល់ខេត្តរតនគិរី ប្រកបដោយជោគជ័យ នាល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ ដោយប្រើរយៈពេល១២ថ្ងៃ។

    យុវជនជនជាតិដើមភាគតិចមួយរូបនេះ បានក្លាយជាមនុស្សទី១ដែលធ្វើដំណើរដោយថ្មើរជើងម្នាក់ឯងពីភ្នំពេញមកកាន់ខេត្តដែលឆ្ងាយជាងគេក្នុងប្រទេសកម្ពុជាក្នុងចម្ងាយផ្លូវ ៥៨៨គីឡូម៉ែត្រ។

    យុវជន រម៉ាស គ្វេន អាយុ១៨ឆ្នាំ ជាជនជាតិដើមភាគតិច ចារ៉ាយ រស់នៅភូមិតេង៉ាលឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ធ្វើដំណើរដោយថ្មើរជើងតែម្នាក់ឯងរយ:ពេល១២ថ្ងៃ ពីភ្នំពេញ មកខេត្តរតនគិរី ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី។

    ការមកដល់ខេត្តរតនគិរី របស់យុវជនរូបនេះ ក្រោមការស្វាគមន៍ យ៉ាងកក់ ក្តៅពីសំណាក់ ឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី និងអាជ្ញាធរខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំឃុំសង្កាត់ មន្ទីរជំនាញ និងប្រជាពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី ហើយសាទរជាមួយយុវ ជន រម៉ាស គ្វេន ផងដែរ។

    ក្នុងឱកាសនេះ ឯកឧត្តម ឌុច ចាន់តូ បាននាំយកនូវថវិការលើកទឹកចិត្តមួយចំនួនដល់យុវជន រម៉ាស់ គ្វេន ដែលមានឆន្ទៈធ្វើដំណើរដោយថ្មើរជើងពី រាជធានីភ្នំពេញមកកាន់ទឹកដីឦសានខេត្តរតនគិរីក្នុងចម្ងាយផ្លូវ៥៨៨គីឡូម៉ែត្រ ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី។

    ជាទិសដៅបន្ទាប់យុវជនជនជាតិដើមភាគតិចចារ៉ាយ អាយុ១៨រូបនេះ នឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលជាស្រុកកំណើតរបស់ខ្លួន ដែលមានចំងាយជាង៦០គីឡូម៉ែត្រពីក្រុងបានលុង៕ រូបថត៖ មន្ទីរព័ត៌មានខេត្តរតនគិរី

     

    Share This Post: