ជប៉ុនផ្តល់ឥណទានចំនួន ២៩៦លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងពង្រីកប្រព័ន្ធខ្សែបញ្ជូននិងចែកចាយអគ្គិសនី
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ឥណទានសម្បទានប្រាក់យ៉េន ប្រមាណ ២៩៦,២លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងចំនួនពីរ គឺគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងពង្រីកប្រព័ន្ធខ្សែបញ្ជូននិងចែកចាយអគ្គិសនី។

ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ-បរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គម្រោងចំនួន២ ដូចខាងក្រោម៖
១. ទឹកប្រាក់ចំនួន ២១.៥២៦.០០០.០០០ យ៉េន (ប្រមាណ ១៤៣.៥ លានដុល្លារ អាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និង
២. ទឹកប្រាក់ចំនួន ២២.៩១១.០០០.០០០ យ៉េន (ប្រមាណ ១៥២.៧ លានដុល្លារ អាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុង រាជធានីភ្នំពេញ (ដំណាក់កាលទី៣)
ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការ ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

