ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើលិខិត ទៅអភិបាលខេត្តស្រះកែវរបស់ថៃ ដោយបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ និងជាទីតាំង ដែលប្រជាពលរដ្ឋកម្ពុជាបានរស់នៅ និងអាស្រ័យផលជាយូរហើយ មុនចូលជាធរមាន MOU ឆ្នាំ២០០០

    BY soknita October 9, 2025
    អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើលិខិត ទៅអភិបាលខេត្តស្រះកែវរបស់ថៃ ដោយបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ និងជាទីតាំង ដែលប្រជាពលរដ្ឋកម្ពុជាបានរស់នៅ និងអាស្រ័យផលជាយូរហើយ មុនចូលជាធរមាន MOU ឆ្នាំ២០០០

    (ខេត្តបន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើលិខិត ជូនអភិបាលខេត្តស្រះកែវរបស់ថៃ ដោយបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងជាទីតាំង ដែលប្រជាពលរដ្ឋកម្ពុជាបានរស់នៅ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ ២០០០។

    អភិបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូន ឯកឧត្តមអភិបាល ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ជ្រាបថាទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិត នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទីតាំងខាងលើនេះ ប្រជាពលរដ្ឋ កម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ ២០០០។

    ក្នុងន័យនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបញ្ជាក់ជូនថា ជម្រកបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេល មានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា។ ម៉្យាងវិញទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ឡើងវិញថាសកម្មភាពប្រជាពលរដ្ឋខ្មែរប្រមូលផ្តុំ នៅតំបន់ខាងលើ គឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ ពួកគាត់តែប៉ុណ្ណោះ។

    បន្ថែមលើនេះ ប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅក្នុងជម្រកបណ្តោះអាសន្នខាងលើនេះ គឺជា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយលួសបន្លា សំណាញ់ខ្មៅ រនាំង និង ដាក់កង់ឡាន ដែលនាំឱ្យពួកគាត់បាត់បង់ទីជម្រកអចិន្ត្រៃយ៍ និងធ្វើការភៀសខ្លួនមកស្នាក់នៅក្នុងទីតាំង ខាងលើ។ បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និង ការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែនដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយដែលភាគីទាំងកម្ពុជា៖
    ឯកភាពគ្នាកន្លងមក។
    ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ជាថ្មីថា រដ្ឋបាលខេត្តយើងទាំងពីរមិនមានសមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាម MOU ឆ្នាំ ២០០០ កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពី ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារ ខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។

    រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាង ប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំរBC។ ក្នុងន័យនេះដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់JBC រដ្ឋបាលខេត្តយើងទាំងពីរ បន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការ បញ្ឈប់រាល់សកម្មភាព ដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង។

    អាស្រ័យហេតុនេះ សូម ឯកឧត្តមអភិបាលខេត្ត មេត្តាជ្រាប និងសូមអត់ធ្មត់ និងរង់ចាំ ការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ធ្វើការបញ្ចប់លើ ការងារខណ្ឌសីមាព្រំដែន ហើយនៅក្នុងអំឡុងពេលរង់ចាំនេះ សូម ឯកឧត្តមអភិបាលខេត្ត មេត្តា ចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អដើម្បីជៀសវាងបង្កើតភាពតានតឹង និង ផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: