រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី ២០ ខែតុលា ខាងមុខនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជូនដំណឹងពី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (អាកាសយានដ្ឋានអន្តរជាតិតិចណូ / KTI) នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជូនសាធារណៈជនឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ ដោយកំណត់យកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៦:០០នាទី ដល់ម៉ោង ១២:០០នាទីព្រឹក សម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឱ្យការរៀបចំពិធីសម្ពោធជាផ្លូវការខាងលើនេះ ប្រព្រឹត្តទៅដោយរលូន ព្រមទាំងរក្សាបាននូវ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្នើសុំបងប្អូន មេត្តាយោគយល់ ប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ និងអធ្យាស្រ័យ ដោយទីតាំងខាងលើនេះនឹងមានការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាព៕


