រាជរដ្ឋាភិបាល ចេញសារាចរពី ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ ដោយដាក់តាំងបង្ហាញពីសមិទ្ធផលអាកាសចរណ៍នានា
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នេះ តាមការចេញផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាល បានចេញនូវ សារាចរស្ដីពី ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា។ ដោយរាជរដ្ឋាភិបាល នឹងរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ ហើយក៏មានដាក់តាំងបង្ហាញពីសមិទ្ធផលអាកាសចរណ៍នានាផងដែរ។

ចំពោះវិស័យអាកាសចរណ៍ស៊ីវិល ត្រូវបានចាត់ទុកថាជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិនិងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្មនិងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវ គោលនយោបាយ បើកចំហជើងមេឃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ និងបន្តពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ការពង្រីកការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ទៅក្នុងតំបន់និងសកលលោក ដោយរំពឹងទុកថា ព្រះរាជាណាចក្រកម្ពុជានឹងមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាតិនិងអន្តរជាតិ ចំនួន២៥ (ម្ភៃប្រាំ) លាននាក់និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន២០៥ (ពីររយប្រាំ) ពាន់តោននៅ ឆ្នាំ២០៣៥ ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យរបស់កម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ និងស្របតាម ស្មារតីរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិដែលបានបង្កើតនិងប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិលពិភពលោក ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ ខែធ្នូ ក្នុងគោលបំណងប្រារព្ធខួបនៃការចុះហត្ថលេខាអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិល អន្តរជាតិដែលត្រូវបានគេស្គាល់ថាជាអនុសញ្ញាឈីកាហ្គោនិងបង្កើនការទាក់ទាញវិស័យអាកាសចរណ៍ស៊ីវិល ពិភពលោក រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រេចកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល នៅព្រះរាជាណាចក្រកម្ពុជា និងដាក់ចេញនូវវិធានការណែនាំ ដូចខាងក្រោម៖
១- រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួមតាមការស្ម័គ្រចិត្តពីក្រសួង ស្ថាប័ន និង ភាគីពាក់ព័ន្ធ ត្រូវរៀបចំទិវាអាកាសចរណ៍ស៊ីវិលតាមលទ្ធភាព ដូចតទៅ៖
១.១. រៀបចំពិធីតាំងពិព័រណ៍អាកាសចរណ៍ ដើម្បីដាក់តាំងបង្ហាញសមិទ្ធផលអាកាសចរណ៍នានា ដែលបានសម្រេចក្នុងឆ្នាំនីមួយៗ។
១.២. រៀបចំកម្មវិធីដំណើរទស្សនកិច្ចរបស់សិស្សនិងនិស្សិតនៃគ្រឹះស្ថានអប់រំ ដើម្បីទស្សនកិច្ច ប្រតិបត្តិការជាក់ស្តែងរបស់អាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងក្រុមហ៊ុន គ្រប់គ្រងចរាចរណ៍តាមផ្លូវអាកាស។
១.៣. រៀបចំកម្មវិធីឃោសនាអប់រំស្តីពី៖
– ការគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យ អាកាសចរណ៍ស៊ីវិល
– សាងសំខាន់នៃអាកាសចរណ៍ស៊ីវិលកម្ពុជាក្នុងការចូលរួមជំរុញការរីកចម្រើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និងការងារ និងផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅកាន់ពិភពលោក
– ផ្តួចផ្តើមការកសាងនវានុវត្តន៍ និងការការពារបរិស្ថានក្នុងវិស័យអាកាសចរណ៍ស៊ីវិល
– ជំរុញការទាក់ទាញយុវជននិងយុវនារី ចូលរួមបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា
– ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា។
១.៤. រៀបចំយុទ្ធនាការតាមបណ្តាញសង្គម ដើម្បីចែករំលែកព័ត៌មានគន្លឹះ រូបភាពជាក់ស្តែងនិងទិន្នន័យ នៃការរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិលក្នុងប្រទេស តំបន់ និងអន្តរជាតិ។
១.៥. រៀបចំពិធីប្រគល់ពានរង្វាន់និងបណ្ណសរសើរដល់បុគ្គលិកទាំងរដ្ឋនិងឯកជន ដែលមានស្នាដៃឆ្នើម ក្នុងការបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិល។
២- ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយទិវាអាកាសចរណ៍ស៊ីវិលនេះតាមលទ្ធភាព។
ទទួលបានសារាចរនេះ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធ មកពីស្ថាប័នរដ្ឋនិងឯកជន ត្រូវទទួលបន្ទុកអនុវត្តសារាចរនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

