សូមប្រុងប្រយ័ត្ន! ក្មេងស្រីម្នាក់នេះថតស្កេនមកឃើញបែបនេះពេញពោះ ដោយសារតែទម្លាប់ផឹកវារាល់ថ្ងៃ
បច្ចុប្បន្ននេះតែគុជហាក់ដូចជាមិនបានផ្តល់សញ្ញាថាវានឹងបាត់បង់ទៅវិញនោះទេ ពោលវាគឺជាភេសជ្ជៈដែលពេញនិយមបំផុតសម្រាប់យុវវ័យ ហើយបើនិយាយពីកន្លែងលក់វិញ ក្រឡេកទៅណាខាងណាក៏មានលក់ដែរ។ ខណៈក៏មានផងដែរនូវការព្រមានពីក្រុមវេជ្ជបណ្ឌិតអំពីផលប៉ះពាល់របស់គុជមកលើសុខភាព រឿងរ៉ាវរបស់ក្មេងស្រីវ័យ ១៤ឆ្នាំ ម្នាក់មកពីខេត្ត Zhejiang បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ កាលពីថ្ងៃទី២៨ ខែឧសភា ក្មេងស្រីមកពីប្រទេសចិនម្នាក់នេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភា្លមៗ បន្ទាប់ពីនាងតូចមានការឈឺចាប់ក្នុងពោះ ពិបាកបរិភោគអាហារ និងបន្ទោរបង់។

ក្រោយធ្វើ CT ស្កេន រួចមកគេបានរកឃើញថា ក្នុងពោះវៀន ក្រពះ និងទ្វារលាមករបស់នាង គឺពោរពេញទៅដោយគ្រាប់គុជ (bubble tea pearls) មូរព័ទ្ធជុំវិញតែម្តង។ យោងតាមការរាយការណ៍របស់កាសែត Sin Chew បានឱ្យដឹងថា វេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើល និងបានសាកសួរក្មេងស្រីអំពីទម្លាប់ផឹកតែគុជរបស់នាង ហើយនាងបានឆ្លើយថា នាងបានផឹកវាកាលពី ៥ ថ្ងៃមុន។ លោកវេជ្ជបណ្ឌិត Zhang ដែលបានព្យាបាលក្មេងស្រីនេះបាននិយាយថា ចំនួនគុជដ៏ច្រើនដែលរកឃើញនៅក្នុងក្រពះរបស់នាង មិនមែនអាចពូនជាគំនរបានច្រើនយ៉ាងនេះក្នុងរយៈពេលតែមួយថ្ងៃនោះទេ។ វាមានន័យថាក្មេងស្រីនេះទំនងជានិយាយកុហក ដើម្បីលាក់បាំងទម្លាប់ផឹកតែគុជរាល់ថ្ងៃរបស់នាងតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយនាងត្រូវបានគេឱ្យថ្នាំបញ្ចុះលាមក ដើម្បីជួយបញ្ជូនគុជដែលគកជាប់នៅក្នុងខ្លួនរបស់នាង។ លោក He Yuling នាយកមន្ទីរពេទ្យរដ្ឋទីក្រុង Zhuji បានបន្ថែមថា គ្រាប់គុជដែលត្រូវបានផលិតពីម្សៅដំឡូងមី គឺមិនងាយនឹងរំលាយបានទេ។ លើសពីនេះទៀតអ្នកលក់មួយចំនួនបានបន្ថែមសារធាតុពង្រីក ដែលគេហៅថា Thickening agent ទៅក្នុងគុជ ដើម្បីធ្វើឱ្យគុជកាន់តែគួរឱ្យចង់ញ៉ាំ ប៉ុន្តែធ្វើបែបនេះអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារកាន់តែខ្លាំងប្រសិនបើលោកអ្នកផឹកវាច្រើន។ សង្ឃឹមថារឿងរ៉ាវរបស់ក្មេងស្រីនេះ បានផ្តល់រៀនមេរៀនសម្រាប់យើងទាំងអស់គ្នា៕


អត្ថបទ៖ លីដា
ប្រភព៖ WOB