ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាតិវៀតណាមចំនួន ០២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទ-ល្មើសឆ-បោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខណ្ឌច្បារអំពៅ

    BY soknita October 10, 2025
    កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាតិវៀតណាមចំនួន ០២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទ-ល្មើសឆ-បោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខណ្ឌច្បារអំពៅ

    (រាជធានីភ្នំពេញ)៖ យោងតាមាករចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាតិវៀតណាមចំនួន ០២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខណ្ឌច្បារអំពៅ។

    គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដោយសហការជាមួយ កម្លាំងជំនាញនៃស្នងការរាជធានីភ្នំពេញ និងមានការសម្របសម្រួល ផ្លូវច្បាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ បង្កប់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងទីតាំងផ្ទះលេខ៧២ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ក្នុងប្រតិបត្តិការបង្កា្របនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបុរស ជនជាតិវៀតណាមចំនួន ០២នាក់៖ ១)ឈ្មោះPHAN THANH DAT និង ២) PHAN HUU KHANH, និងបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រប្រភេទ All in one ចំនួន ៤គ្រឿង Monitor ចំនួន ២០គ្រឿង និងម៉ាស៊ីន CPU ចំនួន ៧គ្រឿង។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ បុរសជនជាតិវៀតណាមទាំងពីរ ត្រូវបានសង្ស័យថាជាប់ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់ រួមមាន ការប្រព្រឹត្តល្បែងស៊ីសង ខុសច្បាប់ (ហ្គេមអនឡាញ) ការក្លែងឯកសារសាធារណៈសម្រាប់បម្រើ ការឆបោកជនជាតិវៀតណាម និងការឆបោកក្រោមរូបភាពជា គម្រោងវិនិយោគ។

    បច្ចុប្បន្ន ជនសង្ស័យជនជាតិវៀតណាម ទាំង០២នាក់ ព្រមទាំងវត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបាន ត្រូវបានប្រគល់ជូនស្នងការដ្ឋានគរបាល រាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចជំនាញបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។

    សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: