ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹងធនធានមនុស្ស និងសម្ភារៈសម្រាប់ការឆ្លើយតប

    BY soknita October 13, 2025
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹងធនធានមនុស្ស និងសម្ភារៈសម្រាប់ការឆ្លើយតប

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នេះ សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹងធនធានមនុស្ស និងសម្ភារៈសម្រាប់ការឆ្លើយតប ព្រមទាំងត្រូវចូលរួមអនុវត្តផែនការសកម្មភាពជាតិ ស្ដីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ឱ្យទទួលបានលទ្ធផលល្អ។

    ក្នុងសំណេរ អបអរសាទរ ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ» ដែលបានបង្ហោះនៅតាមបណ្ដាញសង្គមនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការលើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹងនិងបទពិសោធ ក្នុងការកាត់បន្ថយហានិភ័យ និងការយល់ដឹងអំពីគ្រោះមហន្តរាយ។

    ជាមួយគ្នានេះ សម្ដេចធិបតី បានអំពាវនាវ៥ចំណុចបន្ថែមទៀតដោយ៖

    ១.គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តពង្រឹងប្រព័ន្ធអន្តរក្រសួង ដោយធ្វើការអភិវឌ្ឍសមត្ថភាពលើការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅតាមវិស័យ។

    ២- រាជធានី ខេត្ត ត្រូវលើកកម្ពស់ការគ្រប់គ្រងទឹកជំនន់ គ្រោះរាំងស្ងួត ជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកនៅមូលដ្ឋាន ដើម្បីបង្កើនភាពធន់របស់ប្រជាពលរដ្ឋទៅនឹងការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយផ្សេងៗ។

    ៣- ក្រសួងការពារជាតិ ត្រូវបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព និងជំនាញបច្ចេកទេសរបស់កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ។

    ៤- លើកកម្ពស់ការអប់រំផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈអំពីហានិភ័យគ្រោះមហន្តរាយ ដល់សាធារណជន និងភាគីពាក់ព័ន្ធ ដោយត្រៀមខ្លួនជាស្រេចទៅនឹងគ្រោះមហន្តរាយ។

    ៥- ចូលរួមថែរក្សាកំណើនសេដ្ឋកិច្ច និងបង្កើនភាពធន់ ដោយវិនិយោគវៃឆ្លាតលើលំនៅឋាន សហគមន៍និងមុខរបរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: