JICA សម្តែងការកោតសរសើរខ្ពស់ចំពោះ CMAC ក្នុងការបោសសម្អាតមី-ន និងការបង្កើតសារមន្ទីរតេជោសន្តិភាព
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា JICA សម្តែងការកោតសរសើរខ្ពស់ចំពោះ CMAC ក្នុងការបោសសម្អាតមីន និងការបង្កើតសារមន្ទីរតេជោសន្តិភាព។

ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពមជ្ឈមណ្ឌលសកម្មភាពកម្ពុជាដើម្បីបោសសម្អាតមីន (CMAC) ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា។
ការកោតសរសើរនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ជាមួយឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាព CMAC។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ បានគូសបញ្ជាក់ថា អង្គភាព CMAC បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្ដិភាព តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេសដល់បណ្ដាលប្រទេសដែលរងគ្រោះដោយសារសង្គ្រាមនៅជុំវិញពិភពលោក។
ជាមួយគ្នានេះ ឯកឧត្តមប្រធាន JICA ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើត សារមន្ទីរតេជោសន្តិភាព ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ឯកឧត្តមបានលើកឡើងថា សារមន្ទីរនេះមានសារៈសំខាន់សម្រាប់ការអប់រំដល់អ្នកជំនាន់ក្រោយពីបញ្ហាសង្រ្គាម និងការកសាងសន្តិភាព តាមរយៈការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
ក្នុងឱកាសនោះ JICA ក៏បានប្តេជ្ញាចិត្តក្នុងការបន្តសហការជាមួយអង្គភាព CMAC ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបោសសម្អាតនៅតំបន់ដែលរងប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្នុងគោលដៅផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕







ប្រភព៖ ក្រសួងព័ត៌មាន